(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានចូលរួមជាអធិបតី បានអញ្ជើញប្រកាសកែសម្រួលយុវជន ក្នុងរចនាសម្ព័ន្ធក្រុងសួង សង្កាត់ និងភូមិ នៃខេត្តត្បូងឃ្មុំ។

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី សមាជិកក្រុមអចិន្រ្តៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុងសួង លោកប្រធាន ក្រុមប្រឹក្សាក្រុង លោក លោកស្រី សមាជិក សមាជិកាក្រុមការងារយុវជនគណបក្សក្រុង ប្រធានក្រុមការងារយុវជនគណបក្សសង្កាត់ ប្រធានសកម្មជនយុវជនភូមិសរុបចំនួន៩០នាក់ នាទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ។

គួរបញ្ជាក់ថា ការរៀបចំពិធីនេះត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល រក្សាបាននូវខ្យល់អាកាសចេញចូលដើម្បីជៀសវាងការឆ្លងជំងឺកូវីដផងដែរ។

ថ្លែងក្នុងពិធីនេះលោក ហាក់ សុខមករា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន។

លោកក៏បានលើកឡើងអំពីគោលការណ៍ ក្នុងការកសាងបក្ស ការពង្រឹងសតិអារម្មណ៍យុវជនគណបក្ស និងបានផ្ដោតជាសំខាន់ទៅលើផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដើម្បីធានាបាននូវប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។

នៅចុងបញ្ចប់នៃកម្មវិធី លោកបានឧបត្ថម្ភថវិកាមួយចំនួនដល់ សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួមផងដែរ៕