(ព្រៃវែង)៖ យ៉ាងហោចណាស់ក៏មានសមាជិក​សមាជិការគណបក្ស​ប្រជាជន​កម្ពុជាឃុំត្នោត ស្រុកកញ្ច្រៀច ចំនួន ១៥០០នាក់ បាននាំគ្នាចូលរួមក្នុងពិធីផ្សព្វផ្សាយ​ខ្លឹមសារសន្និបាត​គណៈកម្មាធិការ​កណ្ដាលលើកទី ៣៩ នីតិកាលទី ៥ ក្រោមអធិបតីភាពលោក ឡុង ស្រេង ប្រធានក្រុមការងារចុះ​ជួយឃុំត្នោត ស្រុកកញ្ច្រៀចខេត្តព្រៃវែង ។

លោក ឡុង ស្រេង បានពន្យល់ប្រជាពលរដ្ឋអំពីការរីក​ចំរើនរបស់កម្ពុជា​នៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា និងការធ្វើនយោបាយប្រជាភិថុត ការឃាសនាអកុសល​របស់​គណបក្សផ្សេងៗ ។ ដូចជាការឃោសនាអំពីករណីដែលបក្សគេ​ឈ្នះឆ្នោត នឹងលុបបំណុលចោល​ទាំងអស់ តើរឿងនេះវាអាចកើត​ឡើងបានទេ​នៅលើពិភពលោក ។

ជាមួយគ្នានេះ លោក ឡុង ស្រេង ក៏បានរំលឹកអំពីអតីតកាលនៃការប្ដូររបបមួយ​ទៅរបបមួយទៀត ដែលបណ្ដាលអោយ​ប្រទេសជាតិធ្លាក់​ក្នុងភ្នក់ភ្លើងសង្គ្រាម ការកាប់សំលាប់យ៉ាងរង្គាល ការបង្អត់​អា​ហារ​ក្នុងរបបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នោះគឺរបបកម្ពុជាប្រជាធិបតេយ្យ​ជាដើម។ ស្ថិតក្នុងស្ថានភាពយ៉ាងអាក្រក់នេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​បានទំនាក់ទំនងនិ​ង​ប្រទេសជិតខាងដើម្បីរំដោះ​ប្រទេសអោយរួចពី​រណ្ដៅ​មរណៈ ។

ក្នុងកាលៈទេសៈប្រទេសជាតិដែលទើបរំដោះនេះ គណបក្សប្រជាជនបានដាក់​នូវផែនការសេដ្ផកិច្ច លក់ស្រូវជូនរដ្ឋស្នេហាជាតិ ដើម្បីប្រមូលយកមកនូវ​ភោគផលក្នុងស្រុកសំរាប់ការដោះដូរ​សេដ្ឋកិច្ច​ក្នុងស្ថានភាព​ដែលប្រទេសជាតិទាំងមូលត្រូវហុំព័ទ្ធសេដ្ឋកិច្ច ។ ប៉ុន្តែដោយការឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចតេជោហ៊ុន សែន បានធ្វើការយ៉ាង​បុិនប្រសព្វ​ជាមួយសម្ដេច​សីហនុក្នុងការនាំមកនូវសុខសន្តិភាពជូនជាតិទាំងមូល ។

ជាមួយគ្នានេះលោក ឡុង ស្រេង ក៏បានពន្យល់ប្រជាពលរដ្ឋអំពីការធ្វើនយោបាយភូតកុហក បោកប្រាសប្រជាពលរដ្ផ ចង់បានតែអំណាច ដែលពីមួយថ្ងៃទៅមួយថ្ងៃ​គិតតែពីអូសទាញ​អោយសហគមន៍​អន្តរជាតិផ្ដាច់ជំនួយ ផ្ដាច់សេដ្ឋកិច្ច ធ្វើយ៉ាងណាអោយប្រជាជនជួបការលំបាក ។

ក្រៅពីការផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី ៣៩ លោកឡុង ស្រេង ក៏បានជ្រោមជ្រែងប្រជាពលរដ្ឋក្នុងឃុំត្នោត អោយមកចាប់អារម្មណ៍​និងការធ្វើការអភិវឌ្ឍ​លើដំណាំចំការ និងការបង្កើត​សហគមន៍​​បន្លែបន្ថែមលើការធ្វើស្រែ​នាពេលបច្ចុប្បន្ន ។ ជាពិសេសឥឡូវនេះគណបក្សប្រជាជនឃុំត្នោត​ក្រោមការជ្រោមជ្រែង​របស់នាយឧត្តមសេនីយ៍​នេត សាវឿន និងភរិយា បានជំរុញ​អោយក្រុមការងារ​ឃុំត្នោតធ្វើអោយខាងតែបាននូវ​ការកសាងមជ្ឈមណ្ឌល​កុំព្យូទ័រ និងភាសារបរទេស ដើម្បីបង្កើនចំណេះ​ដឹងផ្នែកបច្ចេកវិទ្យាបន្ថែមសំរាប់ផែនការ​អនាគត របស់យុវជនជំនាន់ក្រោយ ។

បន្ទាប់ពីបញ្ចប់ពិធីផ្សព្វផ្សាយខ្លឹមសារ​សន្និបាតនិងសណេះ​សំណាលរួច​មកក្រុមការងារ​ជួយឃុំត្នោត ក៏បានចែកជូនសមាជិកម្នាក់ៗ នូវវត្ថុអនុស្សាវរីយ៍ដូចជា កន្សែងពោះគោខ្នាតធំមួយ សាប៊ូលុច្ស​មួយដុំ ថ្នាំដុះធ្មេញមួយដប ច្រាស់ដុះធ្មេញចំនួន​២ផងដែរ៕