(ពោធិ៍សាត់​)៖​ កម្លាំងអាវុហត្ថខេត្ត​ សហការ​ជាមួយ​​ កម្លាំងអាវុហត្ថក្រុងពោធិ៍សាត់​ និង​សម្រួលពីលោក​ ឡុង​ ជាប​ ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តពោធិ៍សាត់​ បង្រ្កាបមុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ ឃាត់ខ្លួនប្តីប្រពន្ធពីរនាក់​ រួ​ម​ និង​ វត្ថុតាងមួយចំនួន​ ។​ ប្រតិបត្តិការនេះ​ ធ្វើឡើងកាលពីអាធ្រាត​ ឈានចូលថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០១៦​ ត្រង់ចំណុចភូមិស្ទឹងតូច​ សង្កាត់រលាប​ ក្រុងខេត្តពោធិ៍​សាត់​ ។​

លោកវរៈសេនីយ៍ទោ​ ញឹម​ នី​ មេបញ្ជារងនៃទីបញ្ជាការកងអាវុធហត្ថខេត្តពោធិ៍សាត់​ បានប្រាប់ភ្នាក់ងារ​ Fresh News ថា ក្នុងកិច្ចប្រតិបត្តិការនេះ យើងបានឃាត់ខ្លួនប្តីឈ្មោះ​ កែវ​ រ័ត្ន​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ រស់នៅភូមិព្រែកត្នោត​ សង្កាត់រលាប​ ក្រុង​ពោធិ៍សាត់​ និង​ ប្រពន្ធឈ្មោះ​ ប៊ុន​ សុខនី​ អាយុ២៤ឆ្នាំ​ រស់នៅភូមិចម្ការចេកខាងជើង​ សង្កាត់ផ្ទះព្រៃ​ ក្រុង​ពោធិ៍សាត់​ ។​

លោកវរៈសេនីយ៍ទោបន្តថា​ ក្នុងនោះយើងដកហូតវត្ថុតាងរួមមាន​ ​សារធាតុញៀនប្រភេទម្សៅក្រាមព័ណ៌សថ្លាចំនួន​ ៤កញ្ចប់​ និង​ សម្ភារៈដូចជា​ ម៉ូតូម៉ាកស្មាស់រីវ៉ូសេរីឆ្នាំ២០០៩ ព័ណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពាញ​ 1N-1942 ចំនួន១គ្រឿង​ ទូរស័ព្ទដៃចំនួន​ ៤គ្រឿង​​ លុយរៀលចំនួន ១២០០០០០រៀល​​ លុយដុល្លារ​​ ១៣០០ដុល្លារ។​

​ជនសង្ស័យ​ រួមទាំងវត្ថុតាង​ និង​ សម្ភារៈកំពុងធ្វើការសួរនាំ​ និង​ រក្សាទុក​ នៅទីបញ្ជាការកងរាជអាវុធ​ហត្ថខេត្តពោធិ៍សាត់នៅឡើយ​៕