(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់គ្រប់អង្គភាពនគរបាលទាំងអស់ ត្រូវកែសម្រួលរបៀបធ្វើការងារតាមបែបគន្លងថ្មី ដោយត្រូវផ្លាស់ប្ដូរវេនគ្នា លើកលែងតែកម្លាំងនគរបាលយុត្តិធម៌ ក្នុងនោះមេដឹកនាំធ្វើជាគំរូ ប្តូរវេនប្រចាំបញ្ជា មានការទទួលខុសត្រូវពីលើដល់ក្រោម។

ការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងលទ្ធផលអនុវត្តផែនការសកម្មភាពឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបានក្នុងការបំពេញភារកិច្ចរបស់នគរបាលជាតិនៅទូទាំងប្រទេស ក្នុងឆមាសទី១ឆ្នាំ២០២១ និងបានធ្វើការព្យាករណ៍ វាយតម្លៃសភាពការណ៍ នាពេលខាងមុខដើម្បីត្រៀមលក្ខណៈចាត់វិធានការ ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសបានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មី ដែលកំពុងប្រឈមការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងការវិវត្តថ្មីនៃជំងឺដ៏កាចសាហាវនេះ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ដឹកនាំជាគន្លឹះមួយចំនួន ដូចខាងក្រោម៖

* កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្ន ម្ចាស់ការ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល ពិសេសអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលក្នុងនាមជាកងកម្លាំងត្រូវមានអម្រែកចំនួន០២គឺ ដាច់ខាតត្រូវការពារខ្លួន ក្រុមគ្រួសាររបស់ខ្លួន និងការពារអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល។

* ផ្អែកតាមផែនការដែលបានដាក់ចេញសម្រាប់ឆមាសទី២ ស្នើប្រធានអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ចង្អុលដឹកនាំក្នុងការកសាងផែនការ សកម្មភាពតាមមុខជំនាញ និងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដោយត្រូវមានការចាត់តាំងអនុវត្ត និងតាមដានត្រួតពិនិត្យឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់។

* ត្រូវបន្តពង្រឹងវិធានការរក្សាសន្តិសុខជាតិ ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងឧបាយកលនានាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ខិតខំកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ ទាំងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រឆាំងអំពើជួញដូរមនុស្ស បទល្មើសឧក្រិដ្ឋវិទ្យា ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ល។ ជាពិសេស រាល់កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសត្រូវប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

* ត្រួតពិនិត្យ កែលម្អការងារចរាចរណ៍តាមផ្លូវ រួមទាំងផ្លាស់ប្តូរឥរិយាបថមន្ត្រីដែលឈរជើងតាមគោលដៅត្រួតពិនិត្យការរឹតបន្តឹង ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ ហ្មតចត់ និងរស់រវើក។

* ត្រូវយកចិត្តទុកដាក់អំពីស្ថានភាព សុខភាព ការរស់នៅនៃកងកម្លាំងប្រមូលផ្តុំ ពិសេសកងកម្លាំងអន្តរាគមន៍ ដោយត្រូវមានការគ្រប់គ្រងត្រួតពិនិត្យជាប្រចាំ ចំពោះការស្នាក់នៅ ហូបចុក អនាម័យ និងសុខភាព គោរពតាមវិធានសុខាភិបាលដើម្បីលើកទឹកចិត្ត និងរក្សាបាននូវថាមពលកងកម្លាំងបម្រើឲ្យកិច្ចប្រតិបត្តិការ។

* កម្លាំងនគរបាលព្រំដែនត្រូវរៀបចំ និងអនុវត្តផែនការសកម្មភាពទប់ស្កាត់មិនឲ្យបទល្មើសឆ្លងដែនចេញ-ចូលខុសច្បាប់ និងត្រូវសហការជាមួយ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដើម្បីគ្រប់គ្រងពលរដ្ឋដែលឆ្លងដែនចូលកម្ពុជាវិញឲ្យបានហ្មត់ចត់។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់កងកម្លាំងការពារព្រំដែន ដោយខិតខំឲ្យអស់ពីលទ្ធភាពក្នុងការអនុវត្តវិធានសុខាភិបាល និងការធ្វើតេស្ដឆាប់រហ័ស (Rapid Test) ក្នុងករណីមានអាការៈសង្ស័យ។

* ត្រូវធានាប្រមូលផ្តុំសភាពការណ៍ និងពង្រឹងប្រព័ន្ធទំនាក់ទំនងដើម្បីធានាដល់ចរន្តដឹកនាំបញ្ជា។ ជាមួយគ្នានោះ ត្រូវជំរុញអនុវត្តការងារ សមាគមមិត្តនគរបាលជាតិ (មន្ត្រីឈឺ ពលី...) និងពង្រឹងការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃលេចធ្លោ។

* ត្រូវធ្វើជាសេនាធិការជូនគណៈកម្មការប្រឆាំងជំងឺកូវីដ-១៩នៅគ្រប់ថ្នាក់ ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ ក្នុងស្ថានភាពកូវីដ-១៩ ដោយអនុវត្តវិធានការរដ្ឋបាល និងផាកពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលដែលប្រព្រឹត្តល្មើសនឹងវិធានសុខាភិបាល ក៏ដូចជាបទកំណត់នានាជាធរមាន សំដៅកាត់ផ្តាច់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

* ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅគ្រប់ថ្នាក់ ពិសេស ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវត្រៀមកម្លាំងជួយអធិការដ្ឋាន ថ្នាក់អធិការដ្ឋាន ត្រូវត្រៀមជួយដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅពេលមានការចាំបាច់។ ក្នុងនោះជំរុញអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ម្ចាស់ការគ្រប់គ្រង សភាពការណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងត្រូវត្រៀមកម្លាំងជួយស្នងការដ្ឋាននគរបាលខេត្តដែលមានភូមិសាស្ត្រជាប់គ្នា និងត្រូវពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋចំណូលស្រុកពីប្រទេសជិតខាង៕