(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

យោងតាមព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កិច្ចប្រជុំនឹងធ្វើឡើងនៅវេលាម៉ោងប្រមាណ ៨៖៣០នាទី។ ទន្ទឹមនឹងកិច្ចប្រជុំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានការថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះប្រទេសកម្ពុជា បានរងការរាតត្បាតពីជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ការរីករាលដាលនៃជំងឺឆ្លងសាកលមួយនេះមិនទាន់ស្រាកស្រាននៅឡើយនោះទេ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះអត្រាឆ្លងនៃជំងឺកំពុងស្ទុះឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ ក្នុងនោះនៅថ្ងៃទី២៩ ខែមិថុនា កម្ពុជាបានរកឃើញអ្នកឆ្លងរហូតដល់ទៅជាង ១ពាន់នាក់។

គិតត្រឹមថ្ងៃទី២៩ ខែមិថុនា កម្ពុជា បានរកឃើញអ្នកឆ្លងសរុប ៥០,៣៨៥នាក់។ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល បានប្រឹងប្រែងដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីទប់ទល់ការរីករាលដាល និងបានប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះកម្ពុជា រកបានវ៉ាក់សាំងបានជាង ១១លានដូស ហើយចាក់ជូនប្រជាពលរដ្ឋបានជាង ៤លាននាក់រួចហើយ៕