(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានថ្លែងថា មានតែការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោកទេ ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែយើងពេលនេះកំពុងដើរលើផ្លូវ ដោយព្រួយបារម្ភ ប្រសិនបើក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោក មិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបានចាក់វ៉ាក់សាំងឱ្យប្រជាជនទូទាំងសកលលោក ការពារពីជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះក្នុងឱកាសដឹកនាំរៀបចំសន្និសីទសារព័ត៌មានតាមរយៈ Zoom ដើម្បីទាមទារឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិ បង្កើនការផលិតវ៉ាក់សាំងឱ្យបានច្រើនទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពីវាគ្មិន, លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា, លោក ទឹម វរ៉ា តំណាងអង្គការ សង្គមស៊ីវិល, លោក ស៊ន សុទ្ធារិទ្ធ ប្រធានបណ្តាញអ្នករស់ជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជា និងកញ្ញា វី ឌីណែត អ្នកចំរៀងនិងតារាសម្តែង។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានអំពាវនាវ ឱ្យប្រទេសដែលអាចផលិតវ៉ាក់សាំងបាន ជួយផ្តល់ជូនប្រទេសដែលកំពុងតែប្រឈមខ្លាំងនឹងជំងឺកូវីដ១៩ បានចាក់វ៉ាក់សង្គ្រោះជីវិតបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយកុំឱកាសនេះដើម្បីធ្វើការស្វែងរកផលចំណេញតាមរយៈការផលិតវ៉ាក់សាំង។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានឱ្យដឹងដែរថា ការទទួលបានការព្យាបាលប្រឆាំងវីរុសកូវីដ១៩ជាសកល គឺជាគោលដៅចុងក្រោយរបស់ AHF ដោយមនុស្ស គ្រប់រូបគួរតែមានលទ្ធភាពទទួលបានង្គ្រោះវ៉ាក់សាំងសង្គ្រោះជីវិតរួមទាំងថ្នាំព្យាបាលដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ច។ ខណៈឧស្សាហកម្មឱសថ បានបង្ហាញថា វាអាចឆ្លើយតបជាមួយនឹងការច្នៃប្រឌិតថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ-១៩ សូមឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើនគិតពីជីវិត មនុស្ស ជាងប្រាក់ចំណេញពីការលក់វ៉ាក់សាំង។

លោក ទឹម វរ៉ា តំណាងអង្គការសង្គមស៊ីវិល ការកិច្ចខិតខំប្រឹងប្រែងទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នាជាប្រយោជន៍ឯកជន និងសាធារណៈ។ យើងត្រូវតែអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងអស់ ចែករំលែកបច្ចេកវិទ្យា និងកម្មសិទ្ធិបញ្ញារបស់ពួកគេដោយបើកចំហ ហើយសម្រាប់រដ្ឋាភិបាលដើម្បីធានាថាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវបានប្រកាសជាសាធារណៈ។

លោក ស៊ន សុទ្ធារិទ្ធ បានឱ្យដឹងដែរថា គម្លាតនៃធនធានដើម្បីដោះស្រាយស្ថានការណ៍រវាងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងមានប្រាក់ចំណូលទាប គឺធំធេងណាស់។ ជាមួយនឹងដែនកំណត់ ប៉ាតង់ និងកម្មសិទ្ធិបញ្ញាការទទួលបានការចាក់វ៉ាក់សាំងមិនអាចត្រូវបានធ្វើឱ្យប្រសើរឡើងបានលឿន ដើម្បីតាមទាន់ការបំផ្លិចបំផ្លាញនៃកូវីដ-១៩ ដែលកំពុងបង្កឡើយ។

កញ្ញា វី ឌីណែត បានឱ្យដឹងដែរថាការឈឺចាប់ និងការបាត់បង់អ្នកជាទីស្រឡាញ់ជារឿងដ៏សោកសៅ និងរស់នៅជាមួយការភ័យខ្លាចជាមួយមេរោគកូវីដ១៩ ជាការលំបាកណាស់។ ដើម្បីការពារពិភពលោកទាំងមូលមានសុវត្តិភាពទាំងអស់គ្នា សូមអំពាវនាវដល់ប្រទេសដែលអាចផលិតវ៉ាក់សាំងបាន សូមជួយផ្តល់ វ៉ាក់សាំងឱ្យគ្រប់គ្នាទូទាំងសកល ដែលជាវិធីតែមួយគត់ដើម្បីបញ្ឈប់ជំងឺរាតត្បាតនេះ។ ប្រទេសអ្នកមាន និងមហាអំណាចត្រូវតែធ្វើអ្វីដែលត្រឹមត្រូវ និងផ្តល់ការទទួលបានផលិតវ៉ាក់សាំងកូវីដ-១៩បានគ្រប់គ្រាន់ ដើម្បីមនុស្សនៅគ្រប់ទីកន្លែង និងគ្រប់រូបមានឱកាសទទួលបានវ៉ាក់សាំងការពារជីវិត៕