(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានទទួលអំណោយជាថវិកា ចំនួន ៥០ លានយ៉េន (៤៥ម៉ឺនដុល្លារ) ពីអ៊ីអនគ្រុបនៅកម្ពុជា ដើម្បីចូលរួមជាមួយ រដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួងសុខាភិបាល ដែលមានការ ចូលរួមដោយផ្ទាល់ ពីថ្នាក់ដឹកនាំនៃអ៊ីអនគ្រុបនៅកម្ពុជាទាំង ៤ក្រុមហ៊ុន មានដូចជា៖ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី, ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) ខូ អិលធីឌី, ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី និងក្រុមហ៊ុន អ៊ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន គូសបញ្ជាក់ថា ទឹកចិត្ត សប្បុរសធម៌ដ៏ថ្លៃថ្លារបស់ អ៊ីអនគ្រុបនៅកម្ពុជា ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ១៩។

ជាមួយគ្នានេះ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់អ៊ីអនគ្រុបនៅកម្ពុជាទាំង ៤ ក្រុមហ៊ុន ដែលនេះជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ១៩ ឲ្យបានឆាប់រហ័ស៕