(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល តាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈក្នុងខណ្ឌ៧មករា បានបិទបញ្ចប់នូវដូសទី២ ទាំង០៣ មណ្ឌល ដោយមានវត្តមានរបស់បងប្អូនប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំងជាច្រើននាក់។

ដោយឡែកនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាង ២០០ នាក់ ចែកជា០៣ក្រុម បានបន្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងស្រុក និងខណ្ឌចំនួន២ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី ផ្ទាល់ ជាមួយគ្នានេះផងដែរលោក លេង ផាលី ដែលជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។

ស្ថានភាពនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងនៅស្រុកអង្គស្នួល ខេត្តកណ្តាល តាមការឧទ្ទេសនាមរបស់គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដូចតទៅ៖

១៖ ប្រធានក្រុមសម្របសម្រួលមានចំនួន ១៨ នាក់ បានដឹកនាំជំនួយការសម្របសម្រួលចំនួន ៥៣ នាក់ បានចុះសម្របសម្រួលការងារនៅតាមមណ្ឌលចំនួន០៩ នៃស្រុក និងខណ្ឌទាំង០២ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

២៖ កម្លាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន០៧ ក្រុម ស្មើនឹង ៧០ នាក់ បានបំពេញបេសកកម្មចាក់វ៉ាក់សាំងដូសទី២ នៅមណ្ឌលទាំង០៤ នៃខណ្ឌព្រែកព្នៅដោយបានយ៉ាងរលូន។

៣៖ ថ្ងៃដំបូង នៃដូសទី២ នៅស្រុកអង្គស្នួលកម្លាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន១០០ នាក់ បានបំពេញបេសកកម្មចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅមណ្ឌលទាំង៥ នៃស្រុកអង្គស្នួល ខេត្តកណ្តាល ដោយបានយ៉ាងរលូន។

ដំណើរការយ៉ាងរលូនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំង០២ រាជធានី-ខេត្ត នេះគឺមានការសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ខណ្ឌ និងស្រុកទាំង០២ ពិសេសមានការចូលរួមយ៉ាងផុសផុល និងការស្រលាញ់រាប់អានយ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនប្រជាពលរដ្ឋគួរជាទីរីករាយ និងជាទីមោទនៈសម្រាប់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ផងដែរ។

ជាមួយគ្នានោះដែរ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតពីជំងឺកូវីដ-១៩ ទោះបីជាខ្លួនបានចាក់វ៉ាក់សាំងរួចហើយក្តី ក៏ជំងឺប្រភេទនេះនៅតែតាមលងបន្លាចអារម្មណ៍ ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ។

លោកក៏បានអំពាវនាវបន្ថែមទៀត ចំពោះប្រជាពលរដ្ឋរូបណាដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវប្រញាប់រុះរាន់មកចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ ក៏ព្រោះតែករណីស្លាប់នៅតែបន្តបន្ទាប់សម្រាប់់ប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃ ក៏ដូចជានៅលើសកលលោកយើងផងដែរ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបញ្ចប់យុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកុះកុង រួចមកហើយ នាពេលបច្ចុប្បន្នកំពុងបន្តយុទ្ធនាការរបស់ខ្លួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាក់ស្តែងគឺក្នុងខណ្ឌព្រែកព្នៅ និងស្រុកអង្គស្នួលនេះតែម្តង។

ប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត មានការពេញចិត្តជាខ្លាំង ដោយមានវត្តមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទៅចាក់វ៉ាក់សាំងជូនដល់ពួកគាត់ និងជាពិសេសប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ស្របតាមយុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាលកម្ពុជា គឺចាក់ស្រោចវ៉ាក់សាំងពីខាងក្នុងចេញក្រៅ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៩,២៥៥ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៣,៤៧៣នាក់ និងស្លាប់សរុបចំនួន ៥៧៥ នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានថ្លែងសារអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដោយមិនអាចកាត់ថ្លៃបានឡើយ។

គួររំលឹកផងដែរថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានការទទួលស្គាល់ កោតសរសើរ និងការពេញចិត្តជាច្រើនពីណាក់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងយុទ្ធនាការចុះចាក់វ៉ាក់កូវីដ១៩ ជូនប្រជាពលរដ្ឋនេះតែម្តង ហើយក៏មានការសំណូមពរពីសំណាក់បងប្អូនប្រជាពលជាហូរហែរមកកាន់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាបន្តបន្ទាប់ទៀតផងដែរ៕

សូមទស្សនាវិដេអូ៖ https://fb.watch/6rI-XKA-gQ/