(កំពង់ស្ពឺ)៖ គួរឱ្យសោកស្តាយណាស់ សត្វខ្ទីងញីពេញវ័យដ៏កម្រ ១ក្បាលបានងាប់ ក្រោយពីជាប់អន្ទាក់របស់ព្រានព្រៃចង្រៃ ខណៈពីក្រុមអ្នកជំនាញរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានទៅជួយសង្គ្រោះ ប៉ុន្តែដោយសារស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ដែលជិតដាច់ពោះស្លាប់ និងគ្មានកម្លាំងឈរបាន និងបានបាត់បង់ផ្នែកមួយនៃជើងម្ខាងខាងមុខដោយសារអន្ទាក់។

ក្រុមពេទ្យសត្វបានដាក់ថ្នាំសណ្តំទៅកាន់សត្វខ្ទីង មុននឹងដាក់អង់ទីប៊ីយ៉ូតិច។ ប៉ុន្តែជាអកុសល ដោយសារវាខ្សោយពេក ក៏បានស្លាប់ក្រោមការប្រើថ្នាំសន្លប់។ សត្វខ្ទីងមួយក្បាលបានរងរបួសនៅខ្នងវាលក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក និក ម៉ាក នាយកសង្គ្រោះ និងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានទៅដល់កន្លែងខ្ទីងជាប់អន្ទាក់ បានឱ្យដឹងថា «ឱកាសនៃការរស់រានមានជីវិតរបស់ពួកគេគឺទាប សត្វដែលជាប់ក្នុងអន្ទាក់ភាគច្រើនស្លាប់ដោយសាររងរបួស”។ ទម្រាំតែសត្វជាប់អន្ទាក់ត្រូវបានរកឃើញ ភាគច្រើនគឺស្លាប់បាត់ទៅហើយ “ពួកគេស្លាប់យឺតៗ និងឈឺចាប់បំផុត។ ការបាត់បង់សត្វខ្ទីងនេះ គឺជាដំណឹងអាក្រក់សម្រាប់ប្រភេទសត្វដែលត្រូវបានជាសកលចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះ»។

យោងតាមសហភាពអន្តរជាតិ នៃការអភិរក្សធម្មជាតិ ចំនួនសត្វខ្ទីង នៅក្នុងព្រៃអាចមានដល់ទៅ ៦,០០០ក្បាល នៅក្នុងប្រទេសកម្ពុជា។ សត្វខ្ទីង គឺកម្រមានណាស់ មិនមានអ្នកណាដឹងច្បាស់ថា សត្វខ្ទីងនៅសល់ប៉ុន្មានក្បាលទេ ប៉ុន្តែហាក់នៅតិចតួចណាស់។ ភាពខ្វះខាតនៃចំនួនសត្វខ្ទីង គឺដោយសារតែការដាក់អន្ទាក់។ មូលហេតុដែលចំនួនរបស់ពួកគេមានកម្រិតទាប ដោយសារតែការបរបាញ់ ដែលជាទូទៅធ្វើឡើងដោយប្រើអន្ទាក់។ ការនេះ មិនមែនមានតែសត្វខ្ទីងទេដែលត្រូវបានគំរាមកំហែងដោយអន្ទាក់ ប៉ុន្តែអន្ទាក់ជាការបំផ្លិចបំផ្លាញណាស់ វាអាចសម្លាប់សត្វបានដោយមិនរើសមុខ រួមទាំងប្រភេទសត្វដែលរងការគំរាមកំហែង។ នៅក្នុងព្រៃទូទាំងអាស៊ីអាគ្នេយ៍ អន្ទាក់បានឈានដល់កម្រិតវិបត្តិ។ នៅកម្ពុជា ផលប៉ះពាល់នៃអន្ទាក់លើសត្វព្រៃគឺខ្លាំងក្លា។ អន្ទាក់គឺជាមូលហេតុចម្បងនៃការបាត់បង់សត្វព្រៃជាច្រើន រួមទាំងសត្វខ្លា ផងដែរ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានការតក់ស្លុត ដែលអន្ទាក់ចាប់សត្វជាច្រើននៅក្នុងប្រទេសកម្ពុជា រួមទាំងសត្វជិតផុតពូជដូចជាដំរី។ កូនសត្វដំរី វាត្រូវបានជាប់អន្ទាក់ជាញឹកញាប់ ហើយស្លាប់ជាបន្តបន្ទាប់ និងយ៉ាងហោចណាស់ ៥០ភាគរយនៃកូនដំរី ត្រូវបានគេរកឃើញមានស្នាមរបួសអន្ទាក់ធ្ងន់ធ្ងរនៅលើជើង និងប្រមោយរបស់ពួកគេ តាមរយៈម៉ាស៊ីនថតសត្វស្វ័យប្រវត្តិ។

កាលពីឆ្នាំមុន ក្រុមជួយសង្គ្រោះ និងថែទាំសត្វព្រៃរបានចុះជួយសង្គ្រោះសត្វគោព្រៃជាប់អន្ទាក់ចំនួនបីក្បាលក្នុងខេត្តកំពង់ស្ពឺ និងខេត្តឧត្តរមានជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ពួកគេទាំងអស់បានស្លាប់មុនពេលទៅដល់។ ដូចនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដល់សត្វព្រៃ អង្គការក្រៅរដ្ឋាភិបាលផ្នែកអភិរក្ស ធ្វើការជាមួយក្រសួងបរិស្ថាន ដើម្បីល្បាតព្រៃ និងដោះអន្ទាក់ចេញ។

ជាឧទាហរណ៍ អង្គការសម្ព័ន្ធមិត្តសត្វព្រៃគាំទ្រដល់ឧទ្យានុរក្សព្រៃតំបន់ជួរភ្នំក្រវាញ ដែលការពារតំបន់ព្រៃរងទឹកភ្លៀងនៃជួរភ្នំក្រវាញ កាលពីឆ្នាំមុនឧទ្យានុរក្សក្នុងតំបន់ការពារទាំង៧ នៅតំបន់ជួរភ្នំក្រវាញ បានដោះចេញអន្ទាក់ចំនួន ២៥,៨៨៦អន្ទាក់៕