(ភ្នំពេញ)៖ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គ្រោងនឹងបើកកិច្ចប្រជុំលើកទី១១ របស់ខ្លួនពីថ្ងៃទី២១-២៤ ខែមីនា ឆ្នាំ២០១៦ ដើមសប្តាហ៍ក្រោយនេះ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការប្រកាសរបស់ ក្រសួងការពារជាតិកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងដោយគណៈប្រតិភូភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង គណៈប្រតិភូថៃដឹកនាំដោយ នាយឧត្តមសេនីយ៍ ប្រាវិត វង្សសាវ៉ាត់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ។

ក្រសួងការពារជាតិបានប្រកាសថា កិច្ចប្រជុំនេះនឹងផ្តោតលើគោលការសំខាន់ៗ៣ចំណុច រួមមាន ការងារសន្តិសុខ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាង និងអភិវឌ្ឍន៍​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេសទាំងពីរផងដែរ៕