(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា (២៩ មិថុនា ១៩៥១-២៩ មិថុនា ២០២១) ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅទីចាត់ការកណ្តាល និងនៅគ្រប់អង្គភាព គយនិងរដ្ឋាករទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករមួយចំនួន ស្របតាមវិធានសុខាភិបាល បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេស «៣ កុំ ៣ ការពារ»។

ពិធីនេះរៀបចំឡើងក៏ដើម្បី រំឭកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបង្កើតរដ្ឋបាលគយកម្ពុជា បំបែកចេញពីសហភាពគយឥណ្ឌូចិនក្នុងសម័យអាណានិគមបារាំង តាមព្រះរាជក្រមលេខ ៦៦១ នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១ កាលពី៧០ ឆ្នាំមុន។

នាឱកាសនោះបណ្ឌិត គុណ ញឹម បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា សម្រេចបាន នាពេលថ្មីៗនេះ តាមរយៈការដាក់ចេញនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្ត្រកំណែ ទម្រង់និងទំនើបកម្មគយ, យុទ្ធសាស្រ្ត អនុលោមភាពនិង ការអនុវត្តច្បាប់, យុទ្ធសាស្រ្ត បច្ចេកវិទ្យា គមនាគមន៍និង ព័ត៌មាន, ផែនការសកម្មភាពប្រចាំឆ្នាំ និងការកែលម្អលិខិតបទដ្ឋានគតិយុត្តិ ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច សង្គម ប្រព័ន្ធបច្ចេកវិទ្យា បរិយាកាសធុរកិច្ច និងការអនុវត្តល្អជាអន្តរជាតិ។

លោករដ្ឋមន្ត្រីប្រតិភូ ក៏បានរំឭកនូវគុណបំណាច់របស់មន្ត្រីគយជំនាន់មុនៗ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏ថ្លៃថ្លា ជាដើមទុន សម្រាប់រដ្ឋបាលគយកម្ពុជា ក្នុងការអភិវឌ្ឍនខ្លួនបានរីកចំរើនដូចពេលបច្ចុប្បន្ននេះ។ ថ្វីដ្បឹតមិនបានអញ្ជើញចូលរួមដោយផ្ទាល់ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ តាមរយៈសារលិខិតជូនពរដល់មន្ត្រីគយនិងរដ្ឋាករទាំងអស់ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។

ក្រៅពីការរំឭក និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះ ពរះរាជបូជនិយកិច្ច ដ៏ឧត្ដុង្គឧត្ដមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ក្នុងការទាមទារឯករាជ្យជូនជាតិ និង បង្កើតរដ្ឋបាលគយកម្ពុជាកាល ពី៧០ឆ្នាំមុន សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាព លើការកៀរគរចំណូល និងការកែលម្អបរិយាកាសធុរកិច្ចប្រកបដោយសមធម៌ ព្រមទាំងយកចិត្តទុកដាក់អនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល រហូតសម្រេចបាននូវផ្លែផ្កាល្អប្រសើរជាបន្តបន្ទាប់។

ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះទឹកចិត្តសប្បុរស របស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងសកម្មភាពមនុស្សធម៌នានា នាពេលកន្លងមក។ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើក ទឹកចិត្តដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យបន្តខិតខំ ប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញបេសកកម្មរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗ ក្នុងការប្រមូលចំណូលជូនរដ្ឋ ការលើកកម្ពស់ភាព ប្រកួតប្រជែងកម្ពុជា និងការធានាបាននូវកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសនៅក្នុងកាលៈទេសៈ ដ៏លំបាកនៃការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង និងស្មារតីលះបង់របស់ មន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ លើគ្រប់ ការដ្ឋានការងារ ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម, ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការងារប្រមូលចំណូល ដែលទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច កម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

អគ្គបណ្ឌិតសភាចារ្យ ក៏បានគូសរំលេចផងដែរនូវសូចនាករកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើររបស់ កម្ពុជា ក្នុងអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងភាពជោគជ័យនៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងបរិបទស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញ ដែលជាលទ្ធផលនៃគោលនយោបាយ «ឈ្នះ-ឈ្នះ»របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាកាយវិការឆ្លើយតប ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជាបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជា និងមន្ត្រីក្រោមឱវាទ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រនិងមគ្គុទេសក៍ចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាងពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមទាំងប្រាំប្រការ របស់ សម្តេច តេជោ នាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងពង្រឹងការអភិវឌ្ឍសមត្ថភាព ពង្រឹងភក្តីភាព និងអភិបាលកិច្ចល្អ ដើម្បីបុព្វហេតុសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា៕