(ភ្នំពេញ)៖ មកដល់រសៀលថ្ងៃទី២៩ ខែមិថុនានេះ អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ត្រូវបានពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។

នេះបើតាមការបញ្ជាក់របស់ លោក ឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែមិថុនានេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «គិតមកដល់រសៀលថ្ងៃទី២៩ មិថុនានេះ បងប្អូនអាជីវករនៅផ្សារបឹងកេងកងចំនួន ២៦៧នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់មានវិជ្ជមានកូវីដ-១៩»

លោក ឃួង ស្រេង ក្រើនរំលឹកទៀតថា ចំពោះប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំងអស់ត្រូវពង្រឹង នៃការទប់ស្កាត់កូវីដ-១៩នៅតាមទីផ្សារនេះ ឲ្យបានខ្លាំងជាមុនទ្វេដង ធ្វើយ៉ាងណាកុំឲ្យផ្សារ វិលទៅរកការបិទដូចមុនម្តងទៀត៕