(ភ្នំពេញ)៖ លោក សុខ ហេង នាយកអភិវឌ្ឍន៍ផ្នែកធុរកិច្ចក្រុមហ៊ុន GFG Investment បានណែនាំដល់អ្នកដែលចង់វិនិយោគ លើវិស័យជួញដូរឧបករណ៍និស្សន្ទ និងមូលបត្រ សូមកុំប្រើប្រាស់ថវិកាសម្រាប់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ទៅវិនិយោគអី គួរតែប្រើប្រាស់ថវិកាសន្សំ ដែលសល់ពីតម្រូវការចាំបាច់ ទៅវិនិយោគវិញ ទើបមិនប៉ះពាស់ដល់ចរន្តថវិកាសម្រាប់គ្រួសារ។

ការលើកឡើងយ៉ាងដូច្នេះធ្វើឡើង ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «តើអ្វីទៅជាភាពខុសគ្នានរវាង ការជួញដូរមូលបត្រ និងការជួញដូរឧបករណ៍និសន្សន្ទ?»

លោក សុខ ហេង បានលើកឡើងថា មិនថាការជួញដូរទៅលើឧបករណ៍និសន្សន្ទ ឬក៏ការជួញដូរមូលបត្រ គឺសុទ្ធសឹងតែអាចទទួលបានប្រាក់ចំណេញត្រឡប់មកវិញ ប្រសិនបើអ្នកវិនិយោគទាំងអស់ មានការស្វែងយល់ច្បាស់ ពីកត្តាសំខាន់ៗមួយចំនួន ដូចជា ការវិភាគទៅលើវិស័យសេដ្ឋកិច្ច, នយោបាយ, បច្ចេកទេសនៃផលិតផល, ការជ្រើសរើសយកក្រុមហ៊ុនដែលត្រឹមត្រូវ និងត្រូវប្រើដើមទុនសេសសល់ ដែលមិនមានតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់លើការវិនិយោគ។

លោកបញ្ជាក់ទៀតថា «ជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំ សូមផ្ដាំផ្ញើដល់អ្នកដែលចង់វិនិយោគទាំងអស់ ប្រសិនបើជាលុយដែលត្រូវប្រើប្រាស់ជាចាំបាច់ ក្នុងតម្រូវការរបស់ខ្លួនប្រចាំថ្ងៃ នោះគួរតែកុំយកទៅធ្វើការវិនិយោគឲ្យសោះ ព្រោះថា ការវិនិយោគក្នុងវិស័យនេះ គឺមិនអាចធានាបានថា វិនិយោគភ្លាមត្រូវចំណេញភ្លាមនោះទេ វាត្រូវមានពេលវេលាដែលយើងត្រូវរង់ចាំ»

លោកឧទាហរណ៍ថា «ការវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទ ដោយវិនិយោគធ្វើការទិញជាមាស ដូច្នេះ មាសគឺមិនអាចមានការឡើងភ្លាមនោះទេ វាត្រូវមានការធ្លាក់ចុះសិន ទើបអាចមានការងើបឡើង នៅពេលក្រោយ»។

ក្នុងនាមជាអ្នកជំនាញមួយរូបលោកថា វិស័យជួញដូរឧបករណ៍និស្សន្ទ និងវិស័យមូលបត្រ ពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការជួយដល់វិស័យសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនសហគ្រាស ដែលពួកគាត់មានតម្រូវការត្រូវទុនបន្ថែម។ មួយវិញទៀតជួយជំរុញឲ្យមានការវិនិយោគ ហើយជំរុញឲ្យប្រជាជនចេះសន្សំ ដូចជា គាត់យកលុយមួយផ្នែកតូច ដែលមិនចាំបាច់ទៅវិនិយោគលើវិស័យទាំងពីរនេះ ហើយនឹងអាចជួយសម្រួល និងពន្លឿននូវសេដ្ឋកិច្ច ព្រោះការជួញដូរធ្វើឲ្យមានលំហូរសាច់ប្រាក់ នៅលើទីផ្សារផងដែរ។

លោកបន្ថែមថា វិស័យជួញដូរឧបករណ៍និស្សន្ទ និងវិស័យមូលបត្រ កាលពីរទៅបីឆ្នាំមុន ធៀបនឹងពេលបច្ចុប្បន្ន គឺមានភាពខុសគ្នាឆ្ងាយ ដោយឃើញថា ប្រជាជនកម្ពុជាចាប់ផ្ដើមចេះ ក្នុងការវិនិយោគទៅលើផលិតផលទាំងពីនេះ ដែលពួកគាត់បានទទួលវគ្គបណ្ដុះបណ្ដាលជាច្រើន តាមរយៈក្រុមហ៊ុនមូលបត្រ និងឈ្មួញជើងសារឧបករណ៍និស្សន្ទ។

ជាមួយគ្នាលោកយល់ឃើញថា វិស័យទាំង២នេះរីកចម្រើនខ្លាំង ក្នុងការរួមចំណែកជួយសេដ្ឋកិច្ចកម្ពុជាបានច្រើន នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខ៕