(ត្បូងឃ្មុំ)៖ តាមរយៈរបាយការណ៍មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងរដ្ឋបាលស្រុកពញាក្រែក បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បានទទួលមរណភាព ពេលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៃមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ដែលទទួលមរណភាពឈ្មោះ ជា ម៉ាប់ ភេទប្រុស អាយុ៦៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ អ៊ី ចាន់ធឿន ភេទស្រី អាយុ៤២ឆ្នាំ ស្លាប់ដោយសារចង-ក សម្លាប់ខ្លួន ព្រោះតូចចិត្តរឿងមានជំងឺប្រចាំកាយរ៉ាំរ៉ៃធ្ងន់ធ្ងរស្រាប់ និងមានសតិមិនប្រក្រតី។

សូមជម្រាបថា បើគិតពីការចាប់ផ្តើមផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅទូទាំងខេត្តត្បូងឃ្មុំ អ្នកវិជ្ជមានសរុបមានចំនួន៧០១នាក់ ស្រី២៩៦នាក់, អ្នកជាសះស្បើយ មានចំនួន២៤៣នាក់ ស្រី៩៦នាក់ និងអ្នកវិជ្ជមានជំងឺកូវីដ១៩ស្លាប់ មានចំនួន១១នាក់ ស្រី០៧នាក់ ក្នុងនោះស្លាប់ដោយមេរោគជំងឺកូវីដ១៩ មានចំនួន០៧នាក់ និងដោយសារកត្តាជំងឺប្រចាំកាយរាំរ៉ៃ ក៏ដូចជាកត្តាផ្សេងៗ មានចំនួន ០៥នាក់៕