(ភ្នំពេញ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife) និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហការជាដៃគូ ចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ដើម្បីផ្ដល់នូវដំណោះស្រាយ ធានារ៉ាប់រងអាយុជីវិត ដល់អតិថិជនរបស់ធនាគារ ABA នៅទូទាំងកម្ពុជា។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា ពួកយើងរីករាយក្នុងការចាប់ជាដៃគូ ជាមួយធនាគារ ABA ដែលជាធនាគារមួយ ក្នុងចំណោមស្ថាប័នធនាគារ លំដាប់កំពូលនៅកម្ពុជា ដើម្បីជួយក្រុមគ្រួសារទាំងឡាយ ក្នុងប្រទេសនេះ ឱ្យសម្រេចបាននូវក្ដីសុបិន និងបំណងប្រាថ្នា ផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

លោកបន្ដថា «កិច្ចព្រមព្រៀងលើការលក់ផលិតផល ធានារ៉ាប់រងអាយុជីវិតតាមធនាគារនេះ នឹងជួយឱ្យក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ពង្រីកវិសាលភាពរបស់ខ្លួន ទៅដល់អតិថិជនជាច្រើននាក់ផ្សេងទៀត ព្រមទាំងផ្ដល់នូវការប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុ ទាក់ទងនឹង ការការពារប្រភពចំណូលផ្សេងៗរបស់ពួកគេ  អនាគតនៃការសិក្សារបស់បុត្រធីតា និងការសន្សំនៅក្នុងក្រុមគ្រួសារទាំងអស់»។

លោក Askhat Azhikhanov អគ្គនាយកប្រតិបត្តិរបស់ធនាគារ ABA បានលើកឡើងផងដែរថា «នៅថ្ងៃនេះ ពួកយើងមានមោទនភាពជាខ្លាំង ក្នុងការប្រកាសភាពជាដៃគូរបស់យើង ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់ សេវាកម្មធានារ៉ាប់រងអាយុជីវិតឈានមុខ លំដាប់ថ្នាក់ពិភពលោក។ យើងជឿជាក់ថា កិច្ចសហការជាដៃគូនេះ នឹងជួយពង្រឹងលទ្ធភាព ក្នុងការចែកចាយផលិតផល ធានារ៉ាប់រងអាយុជីវិត តាមធនាគាររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាជួយឱ្យអតិថិជន របស់យើងសម្រេចបាននូវគោលដៅ ហិរញ្ញវត្ថុរបស់ពួកគេ»។

ទន្ទឹមនឹងនោះ ការលក់ផលិតផលធានារ៉ាប់រងអាយុជីវិត តាមធនាគារជាចំណុចគន្លឹះដ៏សំខាន់មួយ នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីពង្រឹង និងបង្កើតឱ្យមានជម្រើសផ្សេងៗគ្នា ក្នុងការចែកចាយផលិតផលរបស់ខ្លួន និងជម្រុញបន្ថែមពីលើការបែងចែក ផលិតផលធានារ៉ាប់រងអាយុជីវិត តាមរយៈទីប្រឹក្សាធានារ៉ាប់រង របស់ក្រុមហ៊ុន មេនូឡាយហ្វ៍៕