(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក ហោ វាសនា និងលោកស្រីទេព កញ្ចនា អភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីខណ្ឌសង្កាត់ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា ជូនដល់ក្មេងកំព្រានៅសមាគមជនឥតទីពឹង «មណ្ឌលមែកឈើ» ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល។

អំណោយទាំងនោះរួមមាន៖ ជាគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ព្រមទាំងថវិកាចំនួនមួយលានរៀល សម្រាប់ដោះស្រាយរបបហូបចុកប្រចាំថ្ងៃដល់អ្នកស្នាក់នៅក្នុងបន្ទុកសមាគម។

សូមបញ្ជាក់ជូនថា ដោយអនុវត្តន៍ការដឹកនាំរបស់លោក ឃួង ស្រេង, រដ្ឋបាលខណ្ឌកំបូល តែងតែនាំយកអំណោយឧបត្ថម្ភជាប្រចាំខែដល់អង្គការសមាគមចំនួន២ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ក្នុងនោះ៖

*ទី១៖ សមាគមជនឥតទីពឹង «មជ្ឈមណ្ឌលមែកឈើ» ទទួលបានអង្ករ ១៥០គីឡូក្រាម និងថវិកា១លានរៀល
*ទី២៖ អង្គការ «សង្គ្រោះជនអស់សង្ឃឹម» ទទួលបានអង្ករ ២០០គីឡូក្រាម និងថវិកា១លានរៀលផងដែរ៕