(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៨១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៤៩នាក់ផងដែរ ក្នុងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមលិខិតដែលបណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។

មូលដ្ឋានដែលរកឃើញអ្នកឆ្លងកូវីដនោះ រួមមាន៖ ក្រុងកំពង់ចាម ០៦នាក់, ស្រុកព្រៃឈរ ២២នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកកងមាស ១៤នាក់, ស្រុកជើងព្រៃ ១២នាក់, ស្រុកស្រីសន្ធរ ០៦នាក់, ស្រុកបាធាយ ០៣នាក់, ស្រុកស្ទឹងត្រង់ ០៨នាក់, ស្រុកកោះសូទិន ០១នាក់ ព្រមទាំងមកពីខេត្តត្បូងឃ្មុំ ០២នាក់។

រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដទាំង ៨១នាក់ខាងលើ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕