(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា សុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីការធ្វើពលីកម្ម តស៊ូគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជននោះទេ។

ការលើកឡើងបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជន នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល។

នាឱកាសនោះដែរលោក គង់ សោភ័ណ្ឌ បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានមានមតិសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនជា អតីតយុទ្ធជនកម្ពុជា និងក្រុមគ្រួសារ របស់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៤ ឆ្នាំ២០២១។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «រាល់ស្នាដៃទាំងនេះ សរបញ្ជាក់ឱ្យឃើញថា ការខិតខំប្រឹងប្រែង និងការលះបង់របស់អតីតយុទ្ធជន បានធ្វើអោយកូនចៅជំនាន់ក្រោយ បានទទួលនូវសុខសន្ដិភាព មានសាលារៀន មានផ្លូវថ្នល់ មានវត្តអារាម មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងខេត្តកណ្តាលរបស់យើង»

បើតាមលោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឡើងថ្លែងស្វាគមន៍ និងអានរបាយការណ៍ស្ដីពី សកម្មភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានលេចចេញជាសមិទ្ធផលជាច្រើនក្រោមការជួយជ្រោមជ្រែងពីថ្នាក់លើ។

ស្ថិតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី នៃ និយម ក៏បានជូនដំណើរអភិបាលខេត្ត និងគណៈប្រតិភូទស្សនាអគារចំនួន ២ខ្នង និងរោងបាយមួយខ្នងផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ដែលបានឧបត្ថម្ភ តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕