(ភ្នំពេញ)៖ លោក កែវ គឹមស៉ិន ដែលជាអ្នកជំងឺកូវីដ១៩ម្នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហោះសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា និងមន្ទីរពេទ្យខ្មែរ-រុស្ស៉ី ក្រោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះ ជួយវះកាត់សម្រាលកូនដល់ប្រពន្ធខ្លួន ដែលប្រពន្ធក៏កើតកូវីដ១៩ដែរនោះ ឲ្យទទួលបានជោគជ័យ។

ទន្ទឹមនឹងការបង្ហោះសារខាងលើ លោក កែវ គឹមស៉ិន ថែមទាំងបញ្ជាក់ប្រាប់មកបណ្តាញព័ត៌មាន Fresh News ថា ឥឡូវនេះម្តាយ និងកូនមានសុវត្ថិភាពហើយ តែម្តាយត្រូវសម្រាកនៅពេទ្យសិន ដើម្បីព្យាបាលមុខរបួស ដែលបានវះកាត់។ ចំពោះកូនវិញ មិនត្រូវបានគ្រូពេទ្យបញ្ជាក់ថា វិជ្ជមានកូវីដ ឬអត់ទេ ប៉ុន្តែគ្រាន់តែទទួលដំណឹងថា កូនមានសុខភាពល្អទេ។

លោកសូមលើកម្រាមដៃ១០ ថ្លែងអំណរគុណពីចម្ងាយដល់សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខ្មែរ-រុស្ស៉ី ដែលបានជួយសង្គ្រោះគ្រួសាររបស់លោកទាន់ពេលវេលា។

តាមរយៈ Facebook របស់ខ្លួននៅថ្ងៃនេះ លោក កែវ គឹមស៉ិន បានបង្ហោះសារថ្លែងអំណរគុណ ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖

មិនទាន់ទាំងបានឃើញមុខកូន និងមិនទាន់បានដាក់ឈ្មោះកូនផង ក៏ត្រូវមកព្យាបាលកូវីដ តែសូមអរគុណក្រុមគ្រូពេទ្យមន្ទីរពេទ្យខ្មែរ-រុស្ស៉ី ដែលជួយប្រពន្ធខ្ញុំសម្រាលកូនដោយសុវត្ថិភាព តាមរយៈការវះកាត់។

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ ប្រពន្ធខ្ញុំឈឺពោះសម្រាលកូន ហើយគាត់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខ្មែរ-រុស្ស៊ី។ ពេលទៅដល់ ពេទ្យតម្រូវឲ្យតេស្តរកមេរោគកូវីដ១៩ ទាំងពីរនាក់ ហើយជាលទ្ធផល ពួកខ្ញុំបានឆ្លងកូវីដបាត់ទៅហើយ និងមិនដឹងឆ្លងតាំងពីពេលណាទេ ព្រោះអត់មានចេញរោគសញ្ញាសោះ។

ភ្លាមៗនោះ ខ្ញុំត្រូវបានគេដឹកទៅព្យាបាលកូវីដ នៅកន្លែងព្យាបាលសែនសុខ ទាំងក្តីរន្ធត់ចិត្ត ត្បិតមិនបាននៅក្បែរប្រពន្ធ ជួយលើកទឹកចិត្តគាត់ ដែលនេះជារឿងគួរឲ្យសោកស្តាយជាពន់ពេក។ រហូតដល់ម៉ោង ១១យប់ ទើបទទួលដំណឹងថា ក្រុមគ្រូពេទ្យបានប្រឹងប្រែងវះកាត់គាត់ និងមានសុវត្ថិភាពទាំងម្តាយនិងកូន ហើយដំណឹងនេះធ្វើឲ្យខ្ញុំសប្បាយរីករាយមែនទែន។

គួរឲ្យស្តាយណាស់ផងដែរនោះ ក្នុង១ជីវិតនេះ ខ្ញុំមិនបានឃើញមុខកូនដែលកើតមកដំបូងគេ ហើយកាន់តែពិបាកពិពណ៌នា គឺពួកខ្ញុំមិនទាន់ទាំងបានត្រៀមដាក់ឈ្មោះកូនផង។

ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថា នៅពេលដែលខ្លួនស្ថិតក្នុងស្ថានការណ៍បែបនេះ ទើបដឹងថាក្ដីស្រឡាញ់របស់ឪពុកម្ដាយមានទំហំប៉ុណ្ណា។ កូនកើតមកតែឪពុកម្ដាយមិនអាចនៅជិត ហើយសូម្បីតែឃើញមុខ សុខទុក្ខប្រពន្ធកូនក៏មិនដឹង តែខ្ញុំសូមបួងសួងឲ្យម្ដាយ និងកូនខ្ញុំ រឹងមាំឡើង។

ការណ៍ដែលឃើញកូន និងម្តាយមានសុខភាពល្អ ធ្វើឲ្យខ្ញុំរំភើប និងសូមលើកម្រាមដៃ១០ ពីចម្ងាយ សម្តែងទឹកចិត្តថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីសង្គ្រោះជីវិតគ្រួសារខ្ញុំ។

សមដូចពាក្យមួយឃ្លាថា «ស្គាល់មិត្តក្នុងគ្រាក្រ ស្គាល់មនុស្សល្អក្នុងគ្រាលំបាក» ពោលគឺពាក្យមួយឃ្លានេះ ធ្វើឲ្យខ្ញុំកាន់តែដឹងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន មិនទុកឲ្យពលរដ្ឋណាម្នាក់ឯកោឡើយ។ ដោយក្តីគោរពពីខ្ញុំ កែវ គឹមស៉ិន! ៕