(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការស្លាប់របស់មនុស្ស២នាក់ ដោយសារជំងឺកូវីដ១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ២នាក់ដែលបានទទួលមរណភាពនេះ ម្នាក់ជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានស្លាប់នៅវេលាម៉ោង០៥៖២០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា។។

ដោយឡែក ម្នាក់ទៀតជាស្ដ្រីជនជាតិខ្មែរ អាយុ៧៦ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រែអំបិល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានស្លាប់នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៕