(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការស្លាប់របស់ស្ដ្រីជនជាតិខ្មែរ អាយុ៧៥ឆ្នាំម្នាក់ នៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង៧ព្រឹកមិញនេះ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកឆ្លូង បានយកសំណាកធ្វើតេស្ដរហ័សរកឃើញជំងឺកូវីដ១៩ ប៉ុន្ដែដោយសារស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ ទោះបីក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះ តាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ទើបបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ដ្រីខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវបណ្ដាលមកពីវីរុសកូវីដ១៩។

សូមជម្រាបថា ការស្លាប់របស់ស្ដ្រីខាងលើនេះ គឺជាករណីទី២ហើយសម្រាប់ខេត្តក្រចេះ ដែលស្លាប់ដោយសារជំងឺកូវីដ១៩៕