(ភ្នំពេញ)៖ រយៈពេល៧ថ្ងៃគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងាររបស់កងទ័ពមកពីបណ្តាអង្គភាពនានា បានប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ បានជាង ៤១ម៉ឺននាក់។

ក្រុមការងារកងទ័ពបានក្លាយទៅជាកម្លាំងស្នូលដ៏សំខាន់ក្នុងការជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បន្ទាប់ពីបានប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ បានទទួលជោគជ័យជាស្ថាពរហើយនោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ក៏ទទួលបានភារកិច្ចថ្មីចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមខេត្តជាបន្តទៀត។

ខេត្តដែលកងទ័ពទទួលបានបទបញ្ជាពីរាជរដ្ឋាភិបាល ដើម្បីប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជំហានដំបូងនោះ មាននៅខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ ដោយបានបើកប្រតិបត្តិការចាក់កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះ។ នៅក្នុងខេត្តទាំង៤នេះ កងទ័ពត្រូវរ៉ាប់រងចាក់ជូនប្រជាពលរដ្ឋ ៨១ម៉ឺននាក់។

រយៈពេល៧ថ្ងៃនេះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋបានចំនួន ៤១៥,៥៥៩នាក់ ស្រី ២២៩,៧៦៩នាក់។ ក្នុងនោះខេត្តព្រះសីហនុ ចាក់បាន ៨៦,៣៩៧នាក់ ស្រី ៤៣,២៦៩នាក់, ខេត្តកោះកុង ចាក់បាន់ ៤០,១៨១នាក់ ស្រី ១៩,៩៣២នាក់ ខេត្តកំពង់ស្ពឺ ចាក់បាន ១៦២នាក់,៤៨៣នាក់ ស្រី ៩៦,៤១៣នាក់ និងខេត្តតាកែវ ចាក់បាន ១២៦,៤៩៨នាក់ ស្រី ៧០,១៥៥នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានតាមដានជាប់ជាប្រចាំលើដំណើរការចាក់វ៉ាក់សាំងនេះ ហើយក៏បានចុះពិនិត្យទៅដល់គោលដៅចាក់វ៉ាក់សាំងនីមួយៗផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកត់សម្គាល់ឃើញថា ដំណើរការនៃការចាក់វ៉ាក់សាំងប្រព្រឹត្តទៅបានល្អប្រសើរ។ ជាពិសេសកងទ័ពជាក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ បានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងនេះ ហើយបានប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង និងសម្រេចផែនការចាក់ឱ្យតាមការកំណត់របស់រាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា «បងប្អូនកងទ័ពទាំងអស់គាត់តម្កល់ការងារនេះ ជាកិច្ចការដ៏ធំសម្រាប់ពួកគាត់ ហើយគាត់បានចាត់ទុកការងារចាក់វ៉ាក់សាំងនេះ គឺជាការបានកសាងនូវកុសលផលបុណ្យមួយដ៏ធំសម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះគឺគាត់ប្រឹងប្រែងណាស់ ទោះបីលំបាក ក្រោមភ្លៀងខ្យល់ផ្គររន្ទះយ៉ាងណាក៏ដោយ នឿយហត់យ៉ាងក៏ដោយ គឺពួកគាត់ប្រឹងធ្វើម៉េចឱ្យវ៉ាក់សាំងបានចូលដល់ខ្លួនប្រជាពលរដ្ឋ»

ទន្ទឹមនឹងការកំពុងដំណើរការចាក់វ៉ាក់សាំងនៅក្នុងខេត្តទាំង៤នាភាគនិរតីនេះហើយ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារ ក៏ទទួលបានភារកិច្ចបន្ថែមទៅជួយចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀង និងខេត្តកំពង់ចាម។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងខេត្តទាំងពីរនេះកងទ័ពរ៉ាប់រងចាក់ជូនប្រជាពលរដ្ឋជាង ១៧ម៉ឺននាក់ទៀត។

គ្រប់កាលៈទេសៈដែលប្រទេសជាតិជួបការលំបាកដូចជាគ្រោះមហន្តរាយ និងការលំបាកផ្សេងៗនោះ កងទ័ពត្រូវបានគេមើលឃើញថាក្លាយទៅជាកម្លាំងឈានមុខដ៏សំខាន់មួយសម្រាប់រាជរដ្ឋាភិបាល ដូចជាការចាក់វ៉ាក់សាំងនេះជាដើម។

ប្រជាពលរដ្ឋដែលបានទៅចាក់វ៉ាក់សាំង បានកោតសរសើរចំពោះអាកប្បកិរយារបស់កងទ័ព ដែលបានយកចិត្តទុកដាក់លើការងារចាក់វ៉ាក់សាំង ហើយមានភាពរ៉ាក់ទាក់ និងទន់ភ្លន់ជាមួយប្រជាពលរដ្ឋដែលបានទៅចាក់វ៉ាក់សាំងផងដែរ៕