(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យបង្កើនការទុកចិត្តទៅលើក្រុមការងារសាសង់ផ្លូវទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលបានធ្វើត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ និងបានច្រានចោលមតិរិះគន់នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលថាក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់សរសៃដែកតូច លួចគុណភាព មិនគោរពតាមស្តង់ដារបច្ចេកទេសសាងសង់ក្នុងការចាក់ផ្លូវបេតុង និងធ្វើឱ្យផ្លូវឆាប់ខូច។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូចនេះនាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារបច្ចេកទេស អន្តរក្រសួងចុះពិនិត្យគុណភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញ បច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះដែរធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើនរំលឹកឱ្យអង្គភាពសាងសង់ទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា គិតមកដល់ពេលនេះសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ បានសម្រេចបានចំនួន៦៤% និងអាចរួចរាល់ តាមផែនការ ដែលបានកំណត់ទុកផងដែរ។ បន្ថែមពីនេះលោកក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការសាងសង់ផ្លូវទៅតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ ពោលគឺ ក្រសួងមិនចាំបាច់ធ្វើផ្លូវស្តង់ដារតែមួយទេ កន្លែងណាដែលមានទឹកច្រើន ដឹកធ្ងន់ ត្រូវចាក់បេតុង ដូចជាផ្លូវក្រវ៉ាត់ក្រុងសៀមរាបជាដើម និងបានសម្តែងនូវសុទិដ្ឋិនិយមថា គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងបញ្ចប់តាមផែនការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យអង្គភាពសាងសង់ និងក្រុមការងារ តរួតពិនិត្យបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍ គុណភាពជាចម្បង និងត្រូវរៀបចំសណ្តាប់ធ្នាប់កុំឱ្យកកស្ទះចរាចរណ៍ និងស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ។

សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុបជាង ១០៨.៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋាន សាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ, នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាន នូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជា៤ប្រភេទរួមមាន៖ ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ(AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣៥.៨៧៦គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ម៉ែត្រ, ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០.៨គីឡូម៉ែត្រ, ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប ៥២.៥គីឡូម៉ែត្រ៕