(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មន្ត្រីពាក់ព័ន្ធ និងក្រុមអ្នកសារព័ត៌មានជាច្រើននាក់ ត្រូវបានយកចំណាកដើម្បីស្វែងរកមេរោគកូវីដ១៩ មុននឹងចូលរួមក្នុងការវិធីប្រកាសចូលកាន់តំណែង លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីត្រូវបានគណបក្សប្រជាជនជាគណបក្សដឹកនាំរាជរដ្ឋាភិបាលជ្រេីសរេីសជាបេក្ខជន ទៅតាមនីតិវិធីច្បាប់។

លោក ប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប។

សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕