(កំពង់ស្ពឺ)៖ ស្ពានទ្រុតទ្រោមមួយកន្លែងជាអតីតស្ពានដែកបាឡេ ត្រូវបានកសាងថ្មីឡើងវិញឲ្យទៅជាស្ពានបេតុង ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ គម្រោងនៃការកសាងនេះ ជាគម្រោងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នេះជាសមិទ្ធផលមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើនដែលបានទទួលផ្លែផ្កាពីម្លប់នៃសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានផ្ដល់ឱកាសនៅក្នុងការរកទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាមានឱកាសនៅក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក បានលើកឡើងថា ស្ពានបេតុដែលមានប្រវែង ៣០ម៉ត្រ កម្ពស់ ៣ម៉ែត្រ ទទឹង ៣.៥ម៉ត្រ និងមានប្រឡោះទឹកហូរប្រវែង ៣.៥ម៉ែត្រ ដែលអាចធ្វើឲ្យចរន្តទឹកហូរបម្រើឲ្យការស្រោចស្របផលដំណាំជូនកសិករខាងក្រោមៗបានយ៉ាងងាយស្រួល។

លោកប្រធានមន្ទីរធនធានទឹក បានឲ្យដឹងទៀតថា ស្ពាននេះបានចំណាយប្រាក់ប្រមាណជាង ៧ម៉ឺនដុល្លា ក្នុងការកសាងរួចរាល់ ចំណែកស្ពាននេះបម្រើឲ្យការដឹកជញ្ជូនទំនិញប្រកបការងាររកទទួលទានបានជាទូទៅ៕