(ភ្នំពេញ)៖ ក្នុងនាមជាប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការជឿជាក់ថា កម្ពុជាអាចយកឈ្នះលើសមរភូមិជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា ក្រោមការចូលរួមដ៏សកម្មពីប្រជាពលរដ្ឋគ្រប់រូប។

សម្តេចតេជោ ហ៊ុន សែ បានបង្ហាញជំនឿចិត្តបែបនេះតាមរយៈសារលិខិតផ្ញើជូនប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសប្រារព្ធខួប៧០ឆ្នាំ នៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជានោះ ថ្ងៃខួបកំណើតបក្សប្រជាជនកម្ពុជា មិនមានប្រារព្ធពិធីជួបជុំឱ្យអធឹកអធមដូចបណ្តាឆ្នាំកន្លងទៅនោះឡើយ។

តាមរយៈសារលិខិតអបអរសាទរខួបកំណើតបក្សនេះ ក្នុងជាមេដឹកនាំបក្សនយោបាយធំជាងគេនៅកម្ពុជា និងជាអ្នកដឹកនាំ និងគ្រប់គ្រងជោគវាសនាជាតិអស់រយៈពេលជាង ៤ទសវត្សរ៍មកហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់អំពីវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ក្នុងនោះត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីឱ្យជាតិកម្ពុជាអាចឆ្លងផុតកាលៈទេសៈដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩ បានឆាប់ ឈានទៅរកប្រក្រតីភាពឡើងវិញ តាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងាររបស់ប្រជាជន។

សូមបញ្ជាក់ថា កម្ពុជា បានជួបនូវការរាតត្បាតនៃជំងឺកូវីដ១៩អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ជាងមួយឆ្នាំមកនេះ កម្ពុជាមានអ្នកឆ្លងជំងឺសរុបជិត ៥ម៉ឺននាក់ ស្លាប់ប្រមាណ ៥៥៦នាក់ និងព្យាបាលជាជាង ៤ម៉ឺននាក់។

ចាប់តាំងពីកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានប្រឹងប្រែងដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ ការលំបាករបស់ប្រជាពលរដ្ឋ ន ិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានមើលឃើញថា កំពុងទទួលបានជោគជ័យលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ តាមរយៈការរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន។

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះ កម្ពុជា មានវ៉ាក់សាំងក្នុងដៃសម្រាប់ចាក់ជូនប្រជាពលរដ្ឋរហូតដល់ទៅ ១១លានដូស ហើយគ្រោងទទួលបានគ្រប់ ២០លានដូស ត្រឹមខែសីហា ឆ្នាំ២០២១នេះ។ ជាមួយវត្តមានវ៉ាក់សាំងនេះ កម្ពុជា បានពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

គិតថ្ងៃទី២៧ ខែមិថុនា ប្រជាពលរដ្ឋជិត ៤លាននាក់ ស្មើនឹងជិត ៤០ភាគរយ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់។ លទ្ធផលនៃការចាក់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។ លទ្ធផលនេះ នាំឱ្យអង្គភាពសុខភាពពិភពលោក និងអង្គការអន្តរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។

ងាកទៅស្ថានភាពសេដ្ឋកិច្ចវិញរយៈពេលពីរឆ្នាំនេះ ទោះជួបការលំបាកតែកម្ពុជានៅតែទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន ដោយទប់ស្កាត់មិនឱ្យមានអតិផរណា ហើយរាជរដ្ឋាភិបាលនៅតែមានលទ្ធភាពរកប្រាក់ចំណូលសម្រាប់បើកបៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការទូទាត់បំណុលជូនប្រទេស ព្រមទាំងចំណាយផ្សេង។

លើសពីនេះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែមានថវិកាសម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ១៩ និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពថែមទៀតផង។ លទ្ធផលនេះ បានបង្ហាញឱ្យឃើញភាពជោគជ័យ និងភាពខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដឹកនាំប្រទេសជាតិក្នុងវិបត្តិសាកលនៃជំងឺកូវីដ១៩៕