(ភ្នំពេញ)៖ ក្នុងឱកាសខួប៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បានរំលឹកឡើងវិញអំពីស្នាដៃដ៏ធំធេងរបស់គណបក្សកាន់អំណាចមួយនេះ ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

តាមរយៈសារលិខិតចូលរួមអបអរសាទរដល់ខួបលើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «គណបក្សបានដឹកនាំប្រជាជនធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចដើម្បីរំដោះប្រទេសជាតិពីការឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើងវិញរបស់ប្រជាជនយើងលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍»

គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចតាមរយៈការបោះឆ្នោត រយៈពេល៦អាណត្តិមកនេះ បានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដោយមានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

ក្នុងស្នាដៃធំរបស់ខ្លួនបន្តទៀត បន្ទាប់ពីបានចូលរួមប្រឆាំងចំពោះអាណានិគមន៍ និងការត្រួតត្រារបស់បរទេស គណបក្សដែលកើតចេញពីប្រជាជនមួយនេះ បានផ្តល់រំលំរបបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយក្រោយមកបង្រួបបង្រួមជាតិ និងស្តារប្រទេសកម្ពុជា ដែលនាំទៅដល់សន្តិភាពពេញលេញ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា រយៈពេល ៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស សម្រេចបានសមិទ្ធផលដ៏ធំធេងក្នុងបុព្វហេតុនៃការការពារការរស់ឡើងវិញរបស់ប្រជាជន រាំងស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍, ការស្តារ និងកសាងប្រទេសឡើងវិញពីចំណុចសូន្យ និងពីបាតដៃទទេ ឱ្យមានស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ, ការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទីពីរនាឆ្នាំ១៩៩៣, ការបង្កើតសន្តិភាពពេញលេញជូនជាតិ ចាប់ពីចុងឆ្នាំ១៩៩៨ មកតាមរយៈនយោបាយឈ្នះ ឈ្នះ, ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព របស់ពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង ហើយកំពុងរួម រស់ជាមួយគ្នាយ៉ាងសុខដុមរមនា។

«ក្នុងនាមជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឍនភាពសង្គម»។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ ហ៊ុន សែន៕