(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានប្រកាសថា វិធានស្តីពីមជ្ឈត្តការ ម.ជ.ម. ឆ្នាំ២០២១ (វិធានថ្មី) រួមទាំងតារាងកម្រៃសេវាថ្មី នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តទៅ។

ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពី ម.ជ.ម. បានរៀបចំកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំលើកទី៧ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញក្រោមអធិបតីភាពរបស់ លោក ប៊ុន យូឌី ប្រធាន ម.ជ.ម. និងមានការចូលរួមពីសំណាក់សមាជិកជាមជ្ឈត្តករ និងសមាជិកជានីតិបុគ្គលតំណាងឱ្យសមាគមវិជ្ជាជីវៈ និងពាណិជ្ជកម្មនានា។ មហាសន្និបាតបានអនុម័តលើសេចក្តីព្រាងវិធានស្តីពីមជ្ឈត្តការ ម.ជ.ម. ឆ្នាំ២០២១ និងតារាងកម្រៃសេវាថ្មី ហើយបានកំណត់យកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ជាកាលបរិច្ឆេទចូលជាធរមាននៃអត្ថបទទាំងពីរនេះ។

ចំណុចសំខាន់ៗនៃវិសោធនកម្មរួមមានការបើកលទ្ធភាពឱ្យ ម.ជ.ម. អាចចាត់ចែងសំណុំរឿងនិងផ្តល់សេវាផ្សេងៗ ក្រោមវិធានមជ្ឈត្តការផ្សេងក្រៅពីវិធានស្តីពីមជ្ឈត្តការ ម.ជ.ម. ឆ្នាំ២០២១ និងអនុញ្ញាតឱ្យគូភាគីវិវាទធ្វើការព្រមព្រៀងបន្ថយរយៈពេលកំណត់ណាមួយដែលមានចែងនៅក្នុងវិធានថ្មីនេះបាន។ អំណាចរបស់វេទិកាមជ្ឈត្តកម្ម
ក្នុងការចាត់វិធានការនានាដើម្បីជៀសវាងទំនាស់ផលប្រយោជន៍ ដែលអាចកើតមានពីការផ្លាស់ប្តូរ ឬបន្ថែមអ្នកតំណាងថ្មី បន្ទាប់ពីការបង្កើតវេទិកាមជ្ឈត្តកម្ម ក៏ត្រូវបានបញ្ជាក់បន្ថែមផងដែរ។

កាលបរិច្ឆេទនៃការចាប់ផ្ដើមមជ្ឈត្តកម្ម ត្រូវបានកំណត់តាមវិធីសាស្រ្តថ្មីដែលមានសារៈសំខាន់ជាពិសេសសម្រាប់វិវាទដែលមានភាគីឆ្លើយតបច្រើន។ បន្ថែមពីនេះ វិធានថ្មីបានចែងបទប្បញ្ញត្តិលម្អិតអំពីការប្រើប្រាស់មធ្យោបាយទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិចក្នុងដំណើរការមជ្ឈត្តការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នាសម័យបច្ចុប្បន្ន។ ចំណុចសំខាន់មួយទៀតនៃវិសោធនកម្មនេះ គឺការតម្រូវឱ្យវេទិកាមជ្ឈត្តកម្មប្រកាសបិទដំណើរការមជ្ឈត្តការក្នុងរយៈពេលកំណត់ជាក់លាក់មួយ ដើម្បីអនុញ្ញាតឱ្យគូភាគីវិវាទអាចស្មានទុកជាមុននូវរយៈពេលនៃការចេញមជ្ឈត្តវិនិច្ឆ័យស្ថាពរ។

វិធានថ្មីនេះបានបញ្ចូលនូវនីតិវិធីពន្លឿន ដែលជានីតិវិធីថ្មីមួយដែលអាចឱ្យគូភាគីចំណាយពេលវេលាតិចជាងនីតិវិធីធម្មតា ជាពិសេសគឺសម្រាប់វិវាទដែលមានទំហំទឹកប្រាក់មិនលើសពីបីលានដុល្លារអាមេរិក។ មជ្ឈត្តវិនិច្ឆ័យស្ថាពរនឹងត្រូវបានចេញក្នុងរយៈពេល ២៧០ថ្ងៃ បន្ទាប់ពីវេទិកាមជ្ឈត្តកម្មត្រូវបានបង្កើតឡើង។ ក្នុងនោះផងដែរ ក្រោមវិធានថ្មី គូភាគីអាចស្នើសុំវិធានការបណ្តោះអាសន្នពីមជ្ឈត្តករបន្ទាន់មុនពេលវេទិកាមជ្ឈត្តកម្មត្រូវបានបង្កើតឡើង។

លោក ប៊ុន យូឌី ប្រធាន ម.ជ.ម. បានលើកឡើងថា «វិធានស្តីពីមជ្ឈត្តការ ម.ជ.ម. ឆ្នាំ២០២១ ត្រូវបានតាក់តែងឡើងដោយបានពិចារណាយ៉ាងល្អិតល្អន់ទៅលើធាតុចូលពីភាគីពាក់ព័ន្ធ បទពិសោធន៍របស់ ម.ជ.ម. ក្នុងការគ្រប់គ្រងសំណុំរឿងនាពេលកន្លងមក និងឧត្តរមានុវត្តថ្មីៗ នៅក្នុងវិស័យមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិ។ ការដាក់ឱ្យអនុវត្តនូវវិធានថ្មីនេះ ជាសមិទ្ធផលដ៏សំខាន់មួយដែលសម្រេចបានដោយ ម.ជ.ម. ក្នុងបេសកកម្មធ្វើឱ្យការដោះស្រាយវិវាទពាណិជ្ជកម្ម តាមរយៈមជ្ឈត្តការកាន់តែមានប្រសិទ្ធភាព ស្របតាមស្តង់ដាអន្តរជាតិ។ សមិទ្ធផលនេះនឹងចូលរួមក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា»

សូមជម្រាបថា ម.ជ.ម. ជាស្ថាប័នឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្ម ឆ្នាំ២០០៦។ ក្នុងនាមជាមជ្ឈមណ្ឌលមជ្ឈត្តការតែមួយគត់នៅកម្ពុជា ម.ជ.ម. មានបេសកកម្មផ្តល់ជូននូវការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ ប្រកបដោយអព្យាក្រឹតភាព និងប្រសិទ្ធភាព។ នាពេលបច្ចុប្បន្ន មានមជ្ឈត្តករច្រើនជាង ៦០ រូប មានសញ្ជាតិផ្សេងៗគ្នា ត្រូវបានចុះបញ្ជីជាមជ្ឈត្តកររបស់ ម.ជ.ម.។ ចាប់តាំងពីការចាប់ផ្តើមដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៣ មក ម.ជ.ម. បានទទួល និងចាត់ចែងសំណុំរឿងចំនួន ២៧ ដែលទំហំវិវាទសរុបមានចំនួនស្ទើរតែ ៨០ លានដុល្លារអាមេរិក៕