(ភ្នំពេញ)៖ ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាពបានរៀបចំកិច្ចប្រជុំ លើកទី ០៩ ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំ ការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) តាមរយៈប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការការនៃក្រសួងសេដ្ឋកិច្ច, អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី, លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន ម.អ.ស., និង បណ្ឌិត ឈៀវ វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ដើម្បីកំណត់ ទិសដៅសម្រាប់សហគ្រិនខ្មែរ ក្នុងន័យពន្លឿន និងបង្កើនការគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យម, និងធុរកិច្ចបង្កើតថ្មី និងលើកកម្ពស់ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

ក្រោយពីបានពិភាក្សា និងដោះដូរមតិយោបល់រួចមក អង្គប្រជុំបានសម្រេចដាក់ចេញគោលការណ៍ ណែនាំមួយចំនួន សម្រាប់សហគ្រិនខ្មែរបន្តអនុវត្តកម្មវិធីរបស់ខ្លួន ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម, និងធុរកិច្ចបង្កើតថ្មីមានជាអាទិ៍៖ (១) ការកសាងសមត្ថភាពសហគ្រិនក្នុងការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ, និង (២) ការពង្រឹងតួនាទីស្នូលរបស់ខ្លួន ក្នុងការជួយតភ្ជាប់សហគ្រាស ដែលមានសក្តានុពលទៅបណ្តាញទីផ្សារក្នុងស្រុក និងក្រៅស្រុក, ប្រភពហិរញ្ញវត្ថុ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្ម។

ក្នុងន័យនេះផងដែរ លោក វង្សី វិស្សុត បានបន្តណែនាំបន្ថែមដល់សហគ្រិនខ្មែរ ក្នុងការបន្តជ្រើសរើសដៃគូបន្ថែមទៀត ដែលមានគុណវុឌ្ឍិសមស្រប ដើម្បីសហការក្នុងការជំរុញឱ្យការលើកកម្ពស់ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានសភាពរស់រវើក, អាចបង្កើនចំនួនសហគ្រិនឱ្យបានច្រើនផុសផុល និងធានាអំពីជោគជ័យរបស់សហគ្រិន។

លោកជំរុញឲ្យ សហគ្រិនខ្មែរក៏ត្រូវបន្តផ្សព្វផ្សាយ អំពីគុណតម្លៃរបស់ខ្លួនដែល សហគ្រិនខ្មែរនឹងក្លាយជាស្ថាប័ន និងជាដៃគូ ដែលអាចទុក្ខចិត្តបានក្នុងការជួយបង្កើនសមត្ថភាព និងតភ្ជាប់រវាងម្ចាស់សហគ្រាសជាមួយនឹងដៃគូយុទ្ធសាស្ត្រ ដើម្បីឱ្យទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្ម របស់ខ្លួនដែលកំពុងមានភាពច្នៃប្រឌិតខ្ពស់ និងមានផលិតផលិតផលដែលមានសក្តានុពល ដើម្បីរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញបន្ថែមនៃកំណើនសេដ្ឋកិច្ចជាតិ។

លោក វង្សី វិស្សុត ក៏បានថ្លែងអំណរគុណ អ្នកឧកញ៉ា ដែលជាសមាជិក និងទីប្រឹក្សានៃក្រុមប្រឹក្សាបរធនបាល ម.អ.ស. ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ចំពោះកិច្ចខិតខំបំពេញការងារដែលមានវឌ្ឍនភាពល្អប្រសើរ និងមានឆន្ទៈមុតមាំក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្ន៕