(ភ្នំពេញ)៖ លោកអគ្គនាយករង សែ សុឃន តំណាងរបស់មបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ គយអន្តរជាតិលើកទី១៣៨ ដែលរៀបចំដោយអង្គការគយពិភពលោក (WCO) តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក Ahmed Al Khalifa (Bahrain) ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមពីតំណាងរដ្ឋបាលគយនៃប្រទេសជាសមាជិកចំនួន ១៣០។

លោក Kunio Mikuriya អគ្គលេខាធិការអង្គការគយពិភពលោក បានលើកឡើងថា អំឡុងពេលនៃការឆ្លងរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ រដ្ឋបាលគយដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាបាននូវការតភ្ជាប់នៅតាមព្រំដែន និងការរក្សាខ្សែច្រវាក់ផ្គត់ផ្គង់ជាសកល ដើម្បីជួយសម្រួលដល់ចរាចរឆ្លងកាត់ថ្នាំពេទ្យ វ៉ាក់សាំងនិងទំនិញសំខាន់ៗដទៃទៀតតាមព្រំដែន។ លើសពីនេះ លោកបានបន្ថែមថា កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំឆ្នាំនេះ បានបង្ហាញថាក្រុមគ្រួសារគយនៅតែរួបរួមគ្នា និងបន្តគាំទ្រលេខាធិការដ្ឋានក្នុងការរៀបចំការងារឱ្យកាន់តែប្រសើរឡើងក្នុងដំណើរការនៃការស្តារឡើងវិញ និងផែនការសម្រាប់រៀបចំនីតិវិធីគយនៅក្នុងពិភពលោក នៅក្រោយការរីករាលដាលជាសាកលនេះ។

កិច្ចប្រជុំបានស្តាប់របាយការណ៍ និងពិភាក្សាផ្តោតសំខាន់លើការងារ៖១.ការកសាងសមត្ថភាព ២.ការងារបច្ចេកទេសគយដូចជា វិធានដើមកំណើតទំនិញ, តម្លៃគិតពន្ធគយ, និងចំណាត់ថ្នាក់ទំនិញ ៣.អនុលោមភាពនិងកិច្ចសម្រួលពាណិជ្ជកម្ម និង៤.បញ្ហាថវិកា និងហិញ្ញវត្ថុរបស់អង្គការគយពិភពលោក។ អង្គប្រជុំក៏បានកត់សម្គាល់លើបច្ចុប្បន្នភាពស្តីពីការអនុវត្តផែនការសកម្មភាព Covid- 19 របស់ WCO ដែលមានសកម្មភាពការងារចំនួន២៥ ដែលជាប្រយោជន៍សម្រាប់សមាជិកយកមកពិចារណានិងអនុវត្ត។

ជាលទ្ធផល អង្គប្រជុំបានអនុម័តលើការងារសំខាន់ៗមួយចំនួនដូចជា៖ ១.ឯកសារបច្ចេកទេសចាំបាច់ និងសេចក្តីណែនាំពាក់ព័ន្ធនឹងការអនុវត្តតារាងពន្ធគយ ឆ្នាំ២០២២របស់ WCO ២.សេចក្តីណែនាំស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងខែ្សច្រវាក់ផ្គត់ផ្តង់ ៣.ក្របខណ្ឌស្តង់ដារ SAFE FoS ឆ្នាំ២០២១ និងបានសម្រេចលើអនុសាសន៍ថវិកា របស់គណៈកម្មាធិការហិរញ្ញវត្ថុ ដែលអាចសម្រួលឱ្យលេខាធិការដ្ឋាន បន្តការងារក្នុងការផ្តល់គុណភាពសេវាជូនសមាជិក។

អង្គប្រជុំក៏បានជ្រើសរើសលោក Ahmed Al Khalifa (Bahrain) ជាប្រធានក្រុមប្រឹក្សានៃអង្គការគយពិភពលោក ដើម្បីបន្តអណត្តិ១ឆ្នាំទៀត គិតចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ និងបានជ្រើសរើសរូបថតរបស់រដ្ឋបាលគយនៃប្រទេស Peru ឈ្នះជ័យលាភីក្នុងការប្រកួតប្រជែងរូបថតសម្រាប់ឆ្នាំ២០២១។

កិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិលើកទី ១៣៩/១៤០ គ្រោងនឹងប្រពឹត្តទៅនាថ្ងៃ២៣ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២៕