(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងនាមលោកស្រី ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង, លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បន្តចូលរួមមហាចលនាគ្រួសារខ្មែរតែមួយ ជាតិតែមួយ អនាគតតែមួយ និងគោលដៅតែមួយ ក្រោមម្លប់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

លោក លី ធុជ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួប អនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយ «ផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមានការចូលរួមពីក្រុមការងារគណបក្សចុះជួយសង្កាត់ទាំង៥ សមាជិក សមាជិការ គណៈកម្មាធិការគណបក្សក្រុង និងគណៈកម្មាធិការគណបក្សសង្កាត់។

លោក លី ធុជ បានកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមការងារគណបក្សគ្រប់ថ្នាក់ កន្លងមក ដែលបានយកចិត្តទុកដាក់ គាំទ្រ និងជំរុញលើកទឹកចិត្តដល់សមាជិកបក្ស ឲ្យមានការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ពិសេសការឆ្លើយតបនឹងគុណបំណាច់ និងការផ្តល់សេចក្តីទុកចិត្តជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលថ្មីៗនេះប្រឈមនឹងបញ្ហាចំពោះមុខ បានចូលរួមយ៉ាងសកម្មដឹកនាំប្រយុទ្ធ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរ បង្កើនបាននូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកប្រធានក្រុមការងារគណបក្សចុះជួយក្រុងបាវិត ក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយជនរួមជាតិទាំងអស់ និងដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

ក្នុងពិធីផ្សព្វផ្សាយនេះ លោក លី ធុជ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយ ដែលមានអាយុវែងជាងគេនៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ហើយក៏ជាគណបក្សដែលបានតស៊ូគ្រប់កាលៈទេសៈជាមួយប្រជាជន និងប្រទេសជាតិ ដោយបាននាំមកនូវសមិទ្ធផលមហាសាលជូនជាតិ មាតុភូមិ ជាពិសេសបាននាំមកនូវសុខសន្តិភាព ហើយនឹងបាននាំមកនូវការអភិវឌ្ឍប្រទេសជាតិ ដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្ត ប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសក្រីក្រ និងមានប្រជាជនប្រមាណ៧លាននាក់ ទៅជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានប្រជាជនជាង១៦លាននាក់។

លោកបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងកសាងនូវមុខមាត់ថ្មី រូបរាងថ្មី ក្តីសង្ឃឹមថ្មី និងការញញឹមថ្មីសម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ជាមួយនឹងសុខសន្តិភាព និងសេ្ថរភាពពាសពេញផ្ទៃប្រទេស ដោយបានផ្តល់នូវឱកាស នៃការអភិវឌ្ឍ និងឱកាសជូនដល់ ប្រជាជនគ្រប់រូប ដើម្បីកសាងអនាគតរបស់ខ្លួនគ្មានដែនកំណត់ឡើយ គឺមានតែជើងមេឃទេ ជាពិសេសនៅពេលដែលប្រជាជនឈរជាមួយការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា។

ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត លោក លី ធុជ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តចូលរួមមហាចលនាគ្រួសារខ្មែរតែមួយ ជាតិតែមួយ អនាគតតែមួយ និងគោលដៅតែមួយ ក្រោមម្លប់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីអនាគតយើង អនាគតប្រទេសជាតិយើង ពូជសាសន៍យើង អនាគតរុងរឿងរបស់យើងម្នាក់ៗ និងក្រុមគ្រួសារយើង។

ជាងនេះទៅទៀត លោក លី ធុជ បានធ្វើ ការណែនាំដល់សមាជិក សមាជិការ ក្រុមការងារគណបក្សចុះមូលដ្ឋានតាមសង្កាត់ទាំង គណៈកម្មាធិការគណបក្សក្រុង និងគណៈកម្មាធិការគណបក្សសង្កាត់ ដូចខាងក្រោម៖

* បន្តសកម្មភាពជាមួយប្រជាពលរដ្ឋ បង្កភាពស្និតស្នាល ផ្សារភ្ជាប់គ្នាដូចជា៖ មានបុណ្យទាន មានជំងឺ សួរសុខទុក្ខតាមទូរស័ព្ទ ឬការឧបត្ថម្ភ ដោយមិនផ្ទាល់ ឬតាមរយៈសហការី
* សូមចិញ្ចឹមចលនាពីពេលនេះទៅ ដើម្បីថែរក្សាស្ថេរភាពនយោបាយ ទប់ស្កាត់ធ្វើបដិវត្តន៍ពណ៌ ដែលត្រូវការពន្យល់ជូនប្រជាពលរដ្ឋ
* ត្រូវបង្កើនការផ្សារភ្ជាប់ទំនាក់ទំទងជិតស្និទ្ធជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសគឺក្រុមយុវជន
* បន្តចលនាមហាជនកៀរគរការគាំទ្រ និងការគោរពស្រឡាញ់គណបក្សប្រជាជនកម្ពុជាពីប្រជាពលរដ្ឋ ជាពិសេសយុវជន តាមគោលការណ៍រក្សាចាស់បង្កើនថ្មី
* បន្តចលនាប្រមែប្រមូលការគាំទ្រ និងការគោរពស្រឡាញ់គណបក្សប្រជាជនកម្ពុជាពីកម្មករ-កម្មការិនីរោងចក្រក្រុងបាវិត
* រៀបចំធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងសមាជិកគណបក្ស ដោយបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រឲ្យបានត្រឹមត្រូវ៕