(កំពង់ស្ពឺ)៖ លោក ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បាននាំសម្ភារៈបរិក្ខាពេទ្យ និងគ្រឿងឧបភោគបរិភោគចំនួន៩ប្រភេទ ប្រគល់ដល់រដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមបង្ការការពារទប់ស្កាត់ការចម្លងរីករាលដាលវីរុសកូវីដ១៩ ជាសកលជូនប្រជាជននៅក្នុងមូលដ្ឋាន។

ថ្លែងក្នុងពិធីប្រគល់-ទទួលសម្ភារៈបរិក្ខាពេទ្យ និងគ្រឿងឧបភោគបរិភោគ ក្នុងរដ្ឋបាលស្រុកឱរ៉ាល់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក ជាម ប៉េអា ក្រើនរំលឹកអាជ្ញាធរឲ្យបន្តផ្សព្វផ្សាយការអនុវត្តវិធានការសុខាភិបាលនានា ក្នុងយុទ្ធការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ជាពិសេសគឺវិធានការ ៣ការពារ និង៣កុំជូនប្រជាជនរបស់ខ្លួន ដើម្បីអាចឈ្នះបាននូវវីរុសកូវីដ-១៩។

លោកតំណាងរាស្ត្រ បានបន្តថ្លែងថា ដើម្បីបន្តការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ប្រជាជនល្អត្រូវអនុវត្តនូវវិធានការ ៣ការពារគឺ ពាក់ម៉ាស់ លាងដៃជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព និង៣កុំគឺ កុំទៅកន្លែងមនុស្សកុះករ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងកុំប៉ះពាល់ស្និទ្ធស្នាលគ្នា។

«យើងទាំងអស់ត្រូវចូលរួមទប់ស្កាត់ ឲ្យបាននូវការរាលដាលនៅក្នុងសហគមន៍របស់យើង ដើម្បីយើងអាចវិលត្រលប់ទៅការរស់នៅធម្មតារបស់យើង តាមបែបគន្លងថ្មី និងរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅកម្ពុជារបស់យើង កាន់តែប្រសើរឡើងថែមទៀត»។ នេះជាការលើកឡើងរបស់លោក ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ក្រើនរំលឹកអាជ្ញាធរមូលដ្ឋានបន្ថែម។

ក្នុងឱកាសនេះដែរ អភិបាលស្រុកឱរ៉ាល់ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងលោក កូយ ឡេប៉ូ អគ្គនាយកក្រុមហ៊ុន Yonganly ដែលបាននាំសម្ភារៈបរិក្ខាពេទ្យ និងគ្រឿងឧបភោគបរិភោគប្រគល់ ដល់រដ្ឋបាលស្រុកឱរ៉ាល់ ដើម្បីចូលរួមបង្ការការពារទប់ស្កាត់ ការចម្លងរីករាលដាលវីរុសកូវីដ១៩ ជាសកលជូនប្រជាជននៅក្នុងមូលដ្ឋាន។

លោកបានបន្ថែមថា នេះពិតជាបានបង្ហាញនូវទឹកចិត្តសប្បុរធម៌ នៅគ្រាជួបការលំបាក គឺយើងតែងជួយគ្នាគ្រប់កាលៈទេសៈ ជាពិសេសនៅពេលយើងជួបប្រទះនូវ ការរីករាលដាលវីរុសកូវីដ-១៩ ជាសកលនាពេលនេះដោយយើងបានធ្វើកិច្ចសហការគ្នាបានយ៉ាងល្អ ដូចគ្រួសារតែមួយ។

សូមជម្រាបជូនថា សម្ភារៈបរិក្ខាពេទ្យ និងគ្រឿងឧបភោគបរិភោគដែលត្រូវបានផ្ដល់ជូនរដ្ឋបាលស្រុកឱរ៉ាល់ដោយផ្ទាល់ រួមមាន៖ អាវ PPE កម្រិត១ចំនួន ២០០អាវ, ម៉ាស់ចំនួន ២,៥០០ម៉ាស់, របាំងការពារមុខចំនួន ១០០របាំង, អាល់កុល ៩៧%ចំនួន ៣០០លីត្រ, ស្រោមដៃធម្មតាចំនួន ២,៥០០គូ, កំប៉ុងបាញ់អាល់កុលចំនួន ១០កំប៉ុង, កាហ្វេ ខេលីងចំនួន ១កេសធំ, មីជាតិចំនួន ៥០កេស, ទឹកបរិសុទ្ធ ខេលីងចំនួន ១០០យួរ និងថវិកាចំនួន២លានរៀល (រដ្ឋបាលស្រុកឱរ៉ាល់ចំនួន ១,០០០,០០០ រៀល មណ្ឌលចតាឡីស័កវិទ្យាល័យ សម្ដេច ជា ស៊ីមឱរ៉ាល់ ចំនួន៥០០,០០០ រៀល និងមណ្ឌលសុខភាពសម្ដេច ជា ស៊ីម ឱរ៉ាល់ ចំនួន៥០០,០០០ រៀល)៕