(ភ្នំពេញ)៖ នារីខ្មែរពីរនាក់ទៀតហើយ ដែលម្នាក់រងគ្រោះដោយការរៀបការជាមួយបុរសជនជាតិចិន និងម្នាក់ទៀតរងគ្រោះ ដោយ សារការបម្រើការងារនៅប្រទេសម៉ាឡេស៊ី ត្រូវបានស្ថានទូតកម្ពុជាព្យាយាមជួយអន្តរាគមន៍ឲ្យបានត្រឡប់មកស្រុកកំណើតវិញ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះថា នារីខ្មែរ ដែលរងគ្រោះដោយសារ ការរៀបការជាមួយបុរសជនជាតិចិន មានឈ្មោះ អ៊ុត  ស៊ីអ៊ាម  អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រះម្លូ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ហើយបានទៅរៀប ការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ តាមរយៈការបោកបញ្ឆោតពីសំណាក់មេខ្យល់។

នារីរងគ្រោះរូបនេះ នឹងវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅរសៀលថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង១៥៖០០ តាមជើងយន្តហោះ K៦៦៥៩។

ដោយឡែកពលការិនី ដែលរងគ្រោះដោយសារការបម្រើការងារនៅប្រទេសម៉ាឡេស៊ី មានឈ្មោះ យន គន្ធា អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពុងចាម។

ពលការិនី យន គន្ធា បានទៅធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០១៥ ដោយធ្វើដំណើ រតាមរថយន្តកាត់តាមប្រទេសថៃ និងដោយធ្វើការលំបាកពេក ក៏បានរត់ទៅស្ថានទូតនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោយការសុំជួយអន្តរាគមន៍ស្វិតស្វាញពីស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ថៅកែ បានយល់ព្រមទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ។

ពលការិនី យន គន្ធា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១៦៖០០ តាមជើងយន្តហោះ AK៥៣៤។ អំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និង ហូបចុកជូនដល់ពលការិនីខាងលើ។

គិតចាប់ពីខែមករា មកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស បានអន្តរាគមន៍ជួយពលករ-ពលការិនី និងស្ត្រីរងគ្រោះកម្ពុជា ឲ្យបានត្រឡប់មកស្រុកកំណើតវិញចំនួន ៥០រូបហើយ៕