(កណ្តាល)៖ ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ នៅក្នុងបរិវេណក្រុមហ៊ុនផលិតចំណីសត្វមួយមានឈ្មោះ Agri-Master បន្ទាប់ពីអ្នកបើករថយន្ត លើកដាក់ទំនិញ (ឡេវ៉ូ‌លរ័‌) ថយទៅថយមកមិនប្រយ័ត្ន ក៏ជ្រុលទៅកិនស្ត្រីរងគ្រោះ នៅវេលាម៉ោង១០៖៤០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។

ក្រុមហ៊ុនផលិតចំណីសត្វមួយនេះ ស្ថិតនៅភូមិ‌ ព្រែក‌ល្វា ឃុំ‌ពញាឮ‌ ស្រុក‌ពញាឮ‌ ខេត្ត‌កណ្ដាល‌។ អ្នកដែលបានឃើញគ្រោះថ្នាក់នេះ បាននិយាយថា «មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះ កំពុងតែធ្វើការងារដូចសព្វដងស្រាប់តែ នៅម៉ោងជាង១០ ស្ត្រីរងគ្រោះកំពុងតែអង្គុយកើបសណ្តែកដី ក៏ត្រូវបានអ្នកបើកឡេវ៉ូ‌លរ័‌ លើក‌ដាក់ឥវ៉ាន់‌ បានថយទៅថយមក ដោយមិនប្រុងប្រយ័ត្ន ក៏ជ្រុលទៅកិនស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងតែម្តង»

ចំណែកអ្នកបើកបរបានរត់គេចខ្លួន បាត់បន្ទាប់ពីកើតហេតុរួច។ ស្ត្រីដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ គឹម ស្រួយ អាយុ៤២ឆ្នាំ មុខរបរកម្មករកើបសណ្តែកដី នៅក្នុងក្រុមហ៊ុន កើតហេតុ ខាងលើ។ បន្ទាប់ពីស្ត្រីខាងលើ បានស្លាប់គេបានឃើញ ខាងក្រសួងការងារ បញ្ជូនមន្ត្រីចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយសមត្ថកិច្ច ដើម្បីរៀបចំ និងប្រគល់សពស្ត្រីរងគ្រោះឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕