(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ និងប្រគល់ជូនពលរដ្ឋ នៅឃុំហាន់ជ័យ ស្រុកឆ្លូង នូវអគារសាលាបឋមសិក្សាថ្មីស្រឡាងមួយខ្នង ដែលជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធអប់រំតាមរយៈគម្រោងដែលមានឈ្មោះថា «ងាយស្រួលរៀន» ដែលបង្កើតឡើងដោយអង្គការឆាលហ្វាន់កម្ពុជា ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (ខាងត្បូង) ដែលហៅកាត់ថា "កយកា" (KOICA) ពីឆ្នាំ ២០១៩ ដល់ ២០២១។

គម្រោងនេះ បាននឹងកំពុងអនុវត្តដោយអង្គការដៃគូក្នុងស្រុកមួយឈ្មោះថា សមាគមខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលហៅកាត់ថា កាហ្វដុក (KAFDOC) ដើម្បីធានាថាកុមារគ្រប់រូបបានចូលរៀនប្រកបដោយគុណភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប កំណែទម្រង់វិធីសាស្ត្របង្រៀន និងរៀន ព្រមទាំងពង្រឹងការចូលរួមពីសហគមន៍ពាក់ព័ន្ធ។

ក្រៅពីអគារសិក្សាថ្មី២ខ្នង គម្រោងបានសាងសង់អគារបណ្ណាល័យទំនើបដាច់ដោយឡែកចំនួន ៧អគារ បង្គន់អនាម័យតភ្ជាប់ប្រព័ន្ធទឹកចំនួន ៧កន្លែង ខួងអណ្តូងប្រើសូឡាចំនួន ២អណ្តូង កែលម្អថ្នាក់រៀនឱ្យទៅជាបណ្ណាល័យចំនួន ៥បន្ទប់ រៀបចំបន្ទប់កុំព្យូទ័រចំនួន ៣ ដោយបំពាក់កុំព្យូទ័រលើតុ ៤៨គ្រឿង និងផ្តល់សៀវភៅអានជាង ២៣,០០០ ក្បាល កុំព្យូទ័រយួរដៃចំនួន ១៧គ្រឿង សម្ភារៈសិក្សាផ្នែកអំណាន និងគណិតវិទ្យាចំនួន ១១៩ ហិប និងថេប្លេត (Tablet) ដែលដំឡើងកម្មវិធីអំណានខ្មែរចំនួន ២៩៤គ្រឿង។

លោក វ៉ា ថន បានអំណរគុណចំពោះគម្រោងគាំទ្ររបស់អង្គការឆាលហ្វាន់ ក្រោមជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ក៏ដូចជានៅខេត្តក្រចេះ ហើយលោកអភិបាល មានការគាំទ្រជំពោះពាក្យស្លោកថាការអប់រំជាអាវុធដ៏មានឥទ្ធិពល សម្រាប់ផ្លាស់ប្តូរពិភពលោក ពីពោះថាការអាន និងការចេះអាន ជាជំហានមូលដ្ឋានដ៏សំខាន់ក្នុងគ្រប់ប្រភេទនៃការអប់រំ ។

លោកបន្ថែមថា ៖ «អគារសិក្សាថ្មីនេះ ជាសមិទ្ធិផលថ្មីស្រឡាងមួយទៀត ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងការកែលម្អប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា»។ សាលាកុមារមេត្រី ពុំអាចសម្រេចលទ្ធផលល្អប្រសើរបានឡើយ ប្រសិនបើគ្មានការជួយគាំទ្រផ្នែកធនធានពីដៃគូអភិវឌ្ឍន៍ ដូចជា កយកា និងអង្គការឆាលហ្វាន់ ហើយជាភ័ព្វសំណាងសម្រាប់កុមារជនបទដូចជានៅស្រុកឆ្លូងនេះដែរ ដែលមានឱកាសបានរៀនសូត្រក្នុងអគារសិក្សាថ្មីដែលបំពាក់ដោយសម្ភារៈទំនើបជាច្រើនផងដែរ។

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសនៃអង្គការឆាលហ្វាន់ កម្ពុជា ថា គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីធានាថាកុមារក្នុងតំបន់ដាច់ស្រយាល អាចទទួលបាននូវការអប់រំប្រកបដោយគុណភាព ដូចកុមារនៅតាមទីក្រុងដែរ។ គម្រោងនេះធ្វើការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ប្រព័ន្ធអប់រំ ជាពិសេសពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយសាលាកុមារមេត្រី។

គម្រោងបានផ្តួចផ្តើមវិធីសាស្ត្រ និងបច្ចេកវិទ្យាទំនើប រួមទាំងការជួយកុមារឱ្យរៀនបានប្រសើរតាមរយៈ សិស្សធំជួយបង្រៀនសិស្សតូច ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន និងរៀន ការប្រើប្រាស់ថេប្លេត (Tablet) ដើម្បីតាមដាន និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងការប្រើប្រាស់កម្មវិធីលើថេប្លេតដើម្បីទាក់ទាញកុមារឱ្យសិក្សាជាដើម៕