(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរដែនដី ខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយ អាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាសយដ្ឋានស្ថិតនៅ សង្កាត់ចោមចៅ២។

ក្នុងសកម្មភាព ត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការដកយកគំរូ ដែលសង្ស័យថា ជាអាល់កុលក្លែងក្លាយ យលមកធ្វើការវិភាគភ្លាមៗ ដោយរថយន្ត ពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

*អាល់កុលសង្ស័យចំនួន ១២១កាន និង ៨០០ដប ស្មើនឹង៤០៣០លីត្រ ត្រូវបានរកឃើញសារ ធាតុមេតាណុល (អាល់កុលក្លែងក្លាយ)
*អាល់កុលសង្ស័យ ១០៤កាន ស្មើនឹង ៣១២០លីត្រ ត្រូវបានរកឃើញល្បាយ សារធាតុមេតាណុល (អាល់កុលក្លែងក្លាយ)។

ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញបានដកយកគំរូផលិតផលទាំងនោះ មកវិភាគបន្ថែមនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលបន្ថែម។ វត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកដោយហ៊ុព័ទ្ធឃ្លុំបេ និងបិទសៀល ជាបណ្តោះអាសន្ននៅនឹងកន្លែង រង់ចាំអនុវត្តនីតិវិធីបន្ត។

សូមបញ្ជាក់ថា ក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ សហគមន៍ ២០កុម្ភៈ ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋាន ក.ប.ប បានដាក់ចេញវិធានការឃ្លាំពិនិត្យជាប្រចាំលើករណីអាល់កុលក្លែងក្លាយនេះ។ ជាលទ្ធផលមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប បានធ្វើបង្រ្កាបជាហូរហែនូវការបន្លំយកសារធាតុ មេតាណុលធ្វើជាអាល់កុល សរុបបានចំនួនជាង៤៨តោន៕