(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពី អង្គការយូនីសេហ្វ USAID និងសហភាពអឺរ៉ុប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារនៅក្នុងប្រទេសកម្ពុជា។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារនេះ គឺមានសារៈសំខាន់ជាច្រើន ដោយអនុញ្ញាតក្រសួងស្ថាប័ន អ្នកផ្តល់សេវា ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកស្វែងរកព័ត៌មាន និងសាធារណៈជនអាចទាញយកព័ត៌មានស្តីពីវឌ្ឍនភាពនៃការផ្តល់សេវាការពារកុមារ និងទិន្នន័យដ៏មានតម្លៃទៅប្រើប្រាស់ក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាពនានា របាយការណ៍វាយតម្លៃ សំដៅផ្តល់ការគំាទ្រ និងកិច្ចគាំពារកុមារគ្រប់រូបនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសប្រកាសដាក់ឱ្យប្រើប្រាស់នេះ លោក នឹម ថូត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសង្គមកិច្ច បានលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយទៀតក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ និងបង្ហាញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ ក្នុងការអនុវត្តផែនការសកម្មភាពធ្វើឱ្យប្រសើរឡើងនូវការថែទាំកុមារនៅតាមគ្រួសារ និងការធ្វើសមាហរណកម្មកុមារចំនួន ៣០% ពីមណ្ឌលថែទាំ ទៅកាន់គ្រួសារប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានោះ លោក នឹម ថូត ក៏បានថ្លែងអំណរគុណដល់ អង្គការយូនីសេហ្វ USAID និងសហភាពអឺរ៉ុប ដែលផ្ដល់ការគាំទ្រទាំងបច្ចេកទេស និងថវិកាក្នុងការតាក់តែងឯកសារទាំងនេះឡើង រហូតដល់ពេលដាក់ឱ្យអនុវត្តនៅថ្ងៃនេះ។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះវឌ្ឍនភាពដែលសម្រេចបាននេះ ព្រោះការចិញ្ចឹមបីបាច់ និងការថែទាំដែលមានកិច្ចការពារពីគ្រួសារ មានសារៈសំខាន់យ៉ាងខ្លំាងចំពោះសុខមាលភាពកុមារ ប៉ុន្តែយើងក៏នៅមានការងារជាច្រើនទៀត ដែលត្រូវបន្តធ្វើដើម្បីធានាឲ្យមានការអនុវត្តពេញលេញនូវគោលនយោបាយដែលផ្តោតលើគ្រួសារ និងការផ្តល់សេវាគាំទ្រដល់គ្រួសារដើម្បីផ្តល់លទ្ធភាពឲ្យម្តាយឪពុកអាចផ្តល់ការថែទាំ និងការពារដល់កូនៗរបស់ពួកគាត់។

គួរបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារនៅក្នុងប្រទេសកម្ពុជានេះ មានសូចនាករចំនួន ៥០ នៃវិស័យស្នូលចំនួន ៥ ដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ ស្ថិតក្រោមដែនសមត្ថកិច្ចក្រសួង ស្ថាប័នចំនួន១៣ និងអង្គការដៃគូចំនួន២៕