(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ គណៈរដ្ឋមន្រ្តីបានអនុម័តទាំងស្រុង លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខិន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិហើយ បន្ទាប់ពីមានការកែសម្រួលពាក្យពេចន៍មួយចំនួន។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី។

សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ សេចក្តីព្រាងព្រះរាជក្រឹត្យនេះ មាន២១ជំពូក និង៨០មាត្រា ដោយមានគោលដៅធានានូវគោលការណ៍ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព អព្យាក្រឹត្យ ការការពារផលប្រយោជន៍របស់បុគ្គលិក និងការផ្តល់អាទិភាពដល់ស្ត្រី ជនជាតិដើមភាគតិច និងជនពិការ។

សូមជំរាបថា នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំ ដោយមានរបៀបវារៈចំនួន២ ដើម្បីពិភាក្សា។ របៀបវារៈ២នេះ រួមមាន ១-សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ។ ២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា។ ក្រៅពីនោះក៏នឹងមានលើកឡើងអំពីបញ្ហាផ្សេងៗមួយចំនួនទៀត ដូចជាការតែងតាំងអភិបាលខេត្តថ្មីចំនួន៤ និងការស្នើតាំងតាំង និងផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីផងដែរ៕