(កណ្ដាល)៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក «ដាំដើមឈើផ្តើម ចេញពីអ្នក» ឬ «ទេសចរម្នាក់ ដើមឈើមួយដើម» ONE TOURIST ONE TREE នៅគ្រប់ក្រុង-ស្រុក ទូទាំងខេត្តកណ្ដាល ដើម្បីបំផុសស្មារតីស្រលាញ់ធម្មជាតិ រុក្ខជាតិ និងរួមគ្នាដាំដើមឈើដើម្បីបរិស្ថានស្រស់បំព្រង។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដុច្នេះ នៅក្នុងពិធីដាំដើមឈើដើម្បីអបអរសាទរពិធីរុក្ខទិវា ៩ កក្កដា នៅតាមខ្នងទំនប់បឹងព្រះរាជទ្រព្យ «បឹងផ្សារដែក» ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១នេះ។

លោកអភិបាលខេត្ត បានលើកឡើងថា ពិធីដាំកូនឈើនាពេលនេះ មានអត្ថន័យសំខាន់ណាស់សម្រាប់ជាសារមួយជួយបំផុសស្មារតីដល់មហាជនបានយល់ដឹងអំពីគុណប្រយោជន៍ នៃដើមឈើ និងជាការក្រើនរំលឹកដល់ ប្រជាពលរដ្ឋចូលរួម ស្រលាញ់ ថែរក្សាដើមឈើ ដែលជាធនធានធម្មជាតិដ៏មានសារសំខាន់សម្រាប់ជីវិតមនុស្ស សត្វ។

លោកថា ការដាំដើមឈើនាឱកាសនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ ស្ដែងនូវការយកចិត្ដទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា តែងតែបានជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាមបណ្តារខេត្តក្រុង-ស្រុក នីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក «ដាំដើមឈើផ្តើម ចេញពីអ្នក» ឬ «ទេសចរម្នាក់ ដើមឈើមួយដើម» (ONE TOURIST ONE TREE)។

លោកបញ្ជាក់ទៀតថា ឆ្នាំនេះដើម្បីអបអរសាទរពិធីរុក្ខទិវា ៩ កក្កដា លោកបានជ្រើសរើសការដាំដើមឈើនៅតាមខ្នងទំនប់បឹងព្រះរាជទ្រព្យ «បឹងផ្សារដែក» ដោយបានដាំដើមឈើលម្អ រួមមានឥន្ទនេល សាគូរ៉ា «ដើមធំ» និងក្ងោកសរុបចំនួន៣២៨ដើម។

លោកបន្តទៀតថា ការដាំឈើនៅទីនេះ និងការដាំនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាពិសេសគឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

ស្ថិតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានជំរុញឱ្យគ្រប់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយ សម្រាប់ធ្វើការដាំដើមឈើ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែឱ្យបានគ្រប់ទី កន្លែងផងដែរ ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

លើសពីនេះទៅទៀត ការដាំដើមឈើមានសារសំខាន់ណាស់ហើយ ប៉ុន្តែសំខាន់ជាងនេះទៅទៀត ការថែទាំដើមឈើឱ្យរស់ដុះលូតលាស់ល្អ វាជាការប្រសើរបំផុតថែមទៀត៕