(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ សម្ពន្ធយុវជនស្រលាញ់សន្តិភាព និងសហភាពសហព័ន្ធយុវជនខេត្តរតនគិរី ដឹកនាំដោយលោក សុខ រដ្ឋា អនុប្រធានកិត្តិយសសយសសខេត្ត, លោក សាយ សាមាន សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានប្រតិបត្តិ សសយកខេត្ត, លោក ង៉ែត ពិទូ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីបាននាំយកអំណោយសម្ភារ និងគ្រឿងឧបភោគ បរិភោគចែកជូនអ្នកជំងឺកូវីដ១៩ និងអ្នកចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម ក្នុងភូមិ៣ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

លោក សាយ សាមាន បានថ្លែងថា អំណោយចែកជូនក្នុងថ្ងៃនេះ រួមមាន៖ សាច់មាន់២០គីឡូក្រាម, ស្ករសរ៦០គីឡូក្រាម, មី២០កេសតូច, ទឹកបរិសុទ្ធ២០កេស, ទឹកផ្លែឈើ៥កេស, ទឹកស៊ីអ៊ីវ៤យួរ, នំសម្រាប់កូនក្មេងចំនួន១៥ប្រអប់, ម៉ាស៊ីនទឹកក្តៅ៣០គ្រឿង, កែវមានដៃ១កេសធំ, សាច់ជ្រូក១ស្មើនឹង៨០គីឡូក្រាម, ក្រូចឆ្មារ១០គីឡូក្រាម និងស្ពៃក្តោប៣០គីឡូក្រាម។

លោកបន្តថា ថវិកាសម្រាប់ទិញសម្ភារ និងគ្រឿងឧបភោគ បរិភោគខាងលើនេះ បានមកពីទឹកចិត្តសប្បុរសធ៌មសមាជិក សមាជិកាសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី។ លោក បញ្ជាក់ឲ្យដឹងទៀតថា ក្រុមការងាររបស់លោក នឹងបន្តជួយមណ្ឌលព្យាបាលជំងឺកូវីដ និងចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យត្រពាំងក្រហមបន្តទៀត ដើម្បីចូលរួមជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តរតនគិរី ដែលមានលោក ថង សាវុន ជាប្រធាន៕