(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ដោយមិនអនុញ្ញាតឱ្យ បើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណ ការជួបជុំគ្នាពពាក់ពពូន និងផឹកស៊ីនៅតាមទីសាធារណៈដែរ។

អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួន យកមកអប់រំ ធ្វើកិច្ចសន្យា និងចាត់វិធានការតាមច្បាប់ ហើយត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ អភិបាលរង ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដោយសារថា ជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ នៅតែបន្តការរីករាលដាល មិនឈប់ឈរនូវឡើយទេ។

អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំង នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែដាក់កម្លាំងល្បាតនៅក្នុងមូលដ្ឋានទាំងយប់ទាំងថ្ងៃ ដោយមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើម ហើយនោះ យើងក៏មិនអនុញ្ញាតឱ្យក្មេងស្ទាវជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ ដូចជានៅផ្លូវ៦០ម៉ែត្រ កោះពេជ្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម។

អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចយកមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានហាមឃាត់ ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ។

លោកបន្តទៀតថា ការបណ្តែតបណ្តោយឱ្យមានការលួចបើកការ៉ាអូខេ ក្លឹបកំសាន្ត ម៉ាស្យា ក្លឹបហាត់ប្រាណជាដើម នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ហើយស្រាប់តែទីតាំងទាំងនោះ បានផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ អភិបាលខណ្ឌត្រូវទទួលខុសត្រូវដោយខ្លួនឯងហើយ។

ក្នុងនោះអាជ្ញាធរតាមខណ្ឌ ក៏បានរាយការណ៍ថា ជម្ងឺកូវីដ១៩ នៅតែបន្តកើតមាននៅក្នុងមូលដ្ឋានរាល់ថ្ងៃ ហើយភាគច្រើនកើតនៅតាមការដ្ឋានសំណង់ សិប្បកម្ម កម្មករ និងបុគ្គលិកក្រុមហ៊ុនឯកជនដោយរាយប៉ាយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌក៏បានពង្រឹងការអនុវត្តវិធានការម៉ឺងម៉ាត់បំផុត ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានី និងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះបន្តទៀត។

ចំពោះការចាក់វ៉ាក់សាំងការពារកូវីដវិញ លោក ឃួង ស្រេង បានបញ្ជាក់ថា នៅភ្នំពេញប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មកទទួលការចាក់វ៉ាក់សាំងនៅឡើងទេ ដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ ត្រូវចុះស្រង់ស្ថិតិនិងស្វែងរកមូលហេតុ ឱ្យបានច្បាស់លាស់ ថាតើហេតុអ្វីមកដល់ម៉ោងនេះហើយ ពួកគាត់នៅមិនទាន់បានចាក់វ៉ាក់សាំង។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញនឹងបើកការចាក់វ៉ាក់សាំងនេះ នៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យទី២៧ ខែមិថុនានេះ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំង រួសរាន់មកទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីឱ្យក្រុមគ្រូពេទ្យយើង បានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងៗទៀត៕