(កំពង់ឆ្នាំង)៖ ពស់ថ្លាន់ចំនួន៤១ក្បាលទាំងតូចទាំងធំ ដែលជាសត្វងាយរងគ្រោះ និងជិតផុតពូជ ត្រូវបានមន្ត្រីឧុទ្យាននុរក្សខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមអន្តរាគមន៍ បង្ក្រាបសត្វព្រៃចល័តនៃកងរាជអាវុធហត្ថ ធ្វើការដោះលែងឱ្យចូលក្នុងព្រៃអភិរក្យធម្មជាតិ ក្នុងដែនអភិរក្សការពារធម្មជាតិចំណុចឡូអភិរក្ស ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបន្តពូជពង្ស។

មន្ត្រីឧទ្យានអនុរក្សខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ថា សត្វពស់ថ្លាន់ត្រូវបានក្រុមឧទ្យានុរក្ស និងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត យកមកព្រលែងខាងលើនេះ គឺបានប្រមូលមកពីភ្នំតាម៉ៅចំនួន ៣៧ក្បាល និងតាមបណ្តាកន្លែងផ្សេងៗនៅក្នុងក្រុងភ្នំពេញចំនួន៤ក្បាល កន្លងមកសមត្ថកិច្ចក៏ធ្លាប់បាន ព្រលែងសត្វពស់ និងសត្វព្រៃដទៃទៀត ខណៈដែលក្រុមសមត្ថកិច្ចចាប់បានពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនសត្វព្រៃលក់បានជាច្រើនលើកផងដែរ។

នាឱកាសនោះប្រធានក្រុមឧទ្យានុរក្សក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានរក្ស និងនៅក្រៅតំបន់ក្ដី មេត្តាជួយថែរក្សាការពារ និងអភិរក្សសត្វ ព្រៃគ្រប់ប្រភេទ ដោយកុំចាប់ ឬសម្លាប់សត្វនឹងកុំកាប់ដុតឆ្ការុករានទន្ទ្រានដីព្រៃដែលជំរកជីវចម្រុះគ្រប់ប្រភេទ ដោយសូមចូលរួមថែរក្សាធនធានធម្មជាតិទាំងអស់គ្នា ហើយសូមកុំជួញដូរសត្វព្រៃដែលជាអំពើផ្ទុយនិងច្បាប់៕