(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា នៅថ្ងៃទី២៦ ខែមិថុនា ស្អែកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១លានដូសទៀត នឹងដឹកពីចិន មកដល់ប្រទេសកម្ពុជា ខណៈថ្ងៃទី២៨ ខែមិថុនា ចុងសប្តាហ៍នេះ នឹងមកដល់ចំនួន ១លានដូសបន្ថែមទៀត។

ក្នុងខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងពីប្រទេសចិនរហូតដល់ទៅ ៣លានដូស បូករួមទាំងវ៉ាក់សាំង២លានដូស ដែលនឹងមកដល់ នៅក្នុងសប្តាហ៍នេះ។

លោកស្រី យក់ សម្បត្តិ ក៏បានឱ្យដឹងផងដែរថា នៅខែកក្កដា ខាងមុខវ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។

វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។

គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៩លានដូសរួចហើយ។ តាមរយៈវត្តមានវ៉ាក់សាំងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងពន្លឿនលើការងារចាក់វ៉ាក់សាំងវ៉ាក់សាំងផងដែរ។

ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ។

គិតពីថ្ងៃទី១០ ខែកុម្ភៈ ដល់ត្រឹមថ្ងៃទី២៤ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៧លាននាក់ហើយ។

វ៉ាក់សាំងដែលកម្ពុជាទទួលបានសម្រាប់ចាក់ជូនប្រជាពលរដ្ឋនេះ ភាគច្រើនបំផុតជាវ៉ាក់សាំងពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វត្តមានវ៉ាក់សាំងចិន នៅកម្ពុជានេះ កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិន ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួនជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច៕