(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ សមាជិកសហព័ន្ធសហជីព ត្រូវយកបញ្ហារបស់កម្មករនិយោជិតមកដោះស្រាយលើតុចរចាឱ្យបានជាអតិប្បរមា ជៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហិង្សា ឬបំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជននានា ហើយក្រុមដែលញុះញង់ឲ្យប្រព្រឹត្តហិង្សាអស់ទាំងនេះ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់បែបនេះ ក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី៣ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានរិះគន់លើសហជីពមួយចំនួន ដែលបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពវឹកវរ ចលាចល និងអសន្តិសុខដល់សង្គម បង្អាក់ដល់ការប្រកបរបរការងាររកទទួលទានរបស់ប្រជាពលរដ្ឋ។ លោកបានព្រមានថា ក្រុមដែលញុះញង់ឲ្យប្រព្រឹត្តហិង្សាអស់ទាំងនេះ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់។

លោកបានដាស់តឿនទៀតថា ក្នុងនាមជាសហជីព ត្រូវការពារសិទ្ធិ ប្រយោជន៍រួមស្របច្បាប់របស់កម្មករនិយោជិត ជាជាងផលប្រយោជន៍ក្រុម ឬបុគ្គលណាមួយ និងត្រូវធ្វើការផ្អែកលើគោលការណ៍ច្បាប់ សំដៅរក្សាឱ្យបាននូវភាតរភាព ទំនាក់ទំនងល្អជាមួយម្ចាស់ ឬនាយករោងចក្រ សហគ្រាស។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាដៃគូរការងារបើកទ្វាររង់ចាំផ្តល់សេវាកម្ម និងកិច្ចសហការទាំងឡាយសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ។

ឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ចដែលមានការប្រកួតប្រជែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ គិតគូរដល់បរិយាកាសការងារ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត សហជីពតំណាងកម្មករនិយោជិត និងនិយោជក ដោយបានដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗ ដូចមានចែងក្នុងសៀវភៅផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣។ ក្រៅពីផែនការយុទ្ធសាស្រ្ត ក្រសួងបានបង្កើតស្នាដៃ និងធ្វើកិច្ចការជាក់ស្តែងជាច្រើនក្នុងការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងការចូលរួមរបស់អង្គការវិជ្ជាជីវៈផងដែរ៕