(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ឈ្មោះ អ៊ូ ចាន់ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រឈីងដាវរ៉យនី រស់នៅភូមិថ្នា ឃុំគោកព្រីង ស្រុកស្វាយជ្រំ ដែលបានមកព្យាបាលនៅជាមួយបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ហ៊រ សុវណ្ណា ស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅរកតេស្តរកមេរោគកូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត៕