(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ និងលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាននាំសម្ភារបរិក្ខាបម្រើឲ្យការខ្វះខាត ក្នុងបរិបទនៃជម្ងឺឆ្លងកូវីដ១៩ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងបានធ្វើការប្រាស្រ័យទំនាក់ទំនង នៃកិច្ចការនគរបាលយុត្តិធម៌។

លោក ឡុង កេសភីរម្យ បានថ្លែងថា នេះជាលើកទី១ ដែលលោកបានចូលមកកាន់មុខដំណែងជាប្រធានសាលាដំបូងខេត្ត ហើយបានចុះមកសាកសួរសុខទុក្ខចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងជាមន្ត្រីនគរបាលយុត្តិធម៌ ដែលត្រូវប្រតិបត្តិការផ្នែកច្បាប់ក្នុងប្រព័ន្ធតុលាការ។

លោកប្រធានសាលាដំបូង បានបន្តថា បើទោះបីក្រុមការងារបាននាំនៅសម្ភារមកបានតិចតួចក្តីតែបានបង្ហាញពីការទំនាក់ទំនងដ៏ល្អកន្លងមកក្នុងវិស័យច្បាប់ ដែលកត្តានេះធ្វើឲ្យអង្គភាពទាំង២ មានកិច្ចសហការគ្នាបានល្អ និងធ្វើឲ្យមហាជនមានភាពជឿជាក់លើប្រព័ន្ធច្បាប់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងសម្តែងនៅទឹកចិត្តរំភើបចំពោះវត្តមាន លោកប្រធានសាលាដំបូង និងលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលតែបានផ្តល់ទំនុកចិត្តមកលើការងារអង្គភាពកងរាជអាវុធហត្ថ និងបានផ្តល់យោបល់ណែនាំចំពោះមន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តជានិច្ចជាកាល។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានសង្កត់ធ្ងន់ថា ចំពោះកិច្ចខំប្រឹងប្រែងសហការលើវិស័យច្បាប់កន្លងមកអង្គភាពនៅតែមានតម្រូវការយ៉ាងចាំបាច់ ក្នុងកិច្ចការច្បាប់ដែលចាត់ទុកថានៅភាពខ្វះខាត ទាមទាឲ្យប្រធានសាលាដំបូង ក៏ដូចជា លោកស្រីព្រះរាជអាជ្ញា ជួយណែនាំបន្តទៀតដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ ស្របតាមប្រទេសនិតិរដ្ឋ និងលទ្ធិប្រជាធិតេយ្យ នៃកម្ពុជា៕