(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំអំណោយចុះសួរសុខទុក្ខកងកម្លាំង ដែលកំពុងបំពេញភារកិច្ច បិទខ្ទប់នៅចំណុចដីល្វែង សំ វិជ័យ ក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល បានឱ្យដឹងថា ក្រុមការងារបានចុះបើកឲ្យដំណើរការចេញ ចូល ជាធម្មតាឡើងវិញ នៅចំណុចមួយចំនួនតាមខ្នងផ្ទះ ប្រជាពលរដ្ឋក្នុងភូមិសូរិយា និងភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានបិទខ្ទប់ ធ្វើចត្តាឡីស័ក ផ្អាកការចេញចូលអស់មួយរយៈពេលកន្លងមកតាមគោលការណ៍ ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទៅសហគមន៍ខាងក្រៅ ដោយសាចំណុចខាងលើរកឃើញពលរដ្ឋមួយចំនួនវិជ្ជមានកូវីដ១៩ និងបុគ្គលពាក់ព័ន្ធជាច្រើនអ្នក។

នៅក្នុងឱកាសនោះដែរលោក គាត ហ៊ុល ក៏បានឧបត្ថម្ភ មី ចំនួន១កេសធំ ដល់គ្រួសារប្រជាពលរដ្ឋដែលទើបបញ្ចប់ការធ្វើចត្តាឡីស័កផងដែរ៕