(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងរាជធានីភ្នំពេញទទួលផែនសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំយកអំណោយ និងថវិការបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ស្នងការរាជធានីភ្នំពេញ និងសប្បុរសជនចំនួន ១៤,៣០០,០០០រៀល ប្រគល់ជូនគ្រួសារសពអនុសេនីយ៍ឯក ម៉ម ប៊ុនជឿន ដែលទទួលមរណភាពដោយរោគាពាធ។

លោកអនុសេនីយ៍ឯក ម៉ម ប៊ុនជឿន មានអាយុ៥១ឆ្នាំ ឋានៈជាមន្ត្រីការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានទទួលមរណភាព កាលពីថ្ងៃទីសុក្រ ៩កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ។

នៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា បានចាត់ទុកការស្លាប់របស់លោកអនុសេនីយ៍ឯក ម៉ម ប៊ុនជឿន គឺជាមរណភាពមួយគួរឱ្យសោកស្ដាយជាទីបំផុតចំពោះមន្ត្រីនគរបាលដ៏សកម្ម និងឆ្នើមម្នាក់ចំពោះអង្គភាព។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកសូមឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចតេជោ «៣ការពារ និង៣កុំ» ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។

អំណោយ និងថវិកាទាំងនោះរួមមាន៖

*ប្រាក់ឧបត្ថម្ភរបស់សម្តេចក្រឡាហោម ចំនួន ៣,០០០,០០០រៀល
*ប្រាក់ឧបត្ថម្ភរបស់រដ្ឋបាលរាជធានីភ្នំពេញ ៥,០០០,០០០រៀល
*ប្រាក់ឧបត្ថម្ភរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២,០០០,០០០រៀល
*ប្រាក់ឧបត្ថម្ភរបស់ការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចំនួន ៣,៣០០,០០០រៀល
*ប្រាក់ឧបត្ថម្ភរបស់ក្រុមហ៊ុនវឌ្ឍនៈ ចំនួន ១,០០០,០០០រៀល សរុបទាំងអស’ ១៤,៣០០,០០០រៀល៕