(ភ្នំពេញ)៖ តាមរយៈកម្មវិធីជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនដែលតែងតែធ្វើឡើងជារៀងរាល់សប្តាហ៍នោះ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានព្យាយាមនិយាយជាភាសារខ្មែរ ផ្ញើសារទៅកាន់ប្រជាពលរដ្ឋខ្មែរទុកដាក់សំរាមឱ្យបានត្រឹមត្រូវចៀសវាងការកកស្ទះលូ និងប៉ះពាល់ដល់សុខភាព។

តាមរយៈវីដេអូដែលធ្វើឡើងកាលពីសប្តាហ៍កន្លងទៅនេះ លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា រដូវភ្លៀងធ្លាក់បានចូលមកដល់ទៀតហើយនៅកម្ពុជា។ រដូវភ្លៀងធ្លាក់នេះ តែងបង្កឱ្យមានការកកស្ទះលូទឹក និងការជន់លិចនៅក្នុងរាជធានីភ្នំពេញ។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា មូលហេតុចម្បងមួយនាំឱ្យមានការស្ទះលូនេះ គឺការចោលសំរាមមិនបានត្រឹមត្រូវ។ ការចោលសំរាមមិនបានត្រឹមត្រូវនេះ អាចនាំឱ្យសំរាមខ្លះហូរចូលទន្លេផងដែរ។

លោកទូត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននឹងជួយដល់កម្ពុជាក្នុងគម្រោងស្តារប្រព័ន្ធលូបង្ហូរទឹក និងជំនួយបច្ចេកទេសកុំឱ្យប្លាស្ទិកហូរចូលសមុទ្រ។

ដើម្បីកាត់បន្ថយសំរាមលោកឯកអគ្គរដ្ឋទូត បានអំពាវនាវដល់ពលរដ្ឋខ្មែរឱ្យព្យាយាមប្រើប្រាស់របស់របរផ្សេងៗឱ្យអស់លទ្ធភាព និងកែច្នៃប្រើប្រាស់ឡើងវិញ។ មួយវិញទៀត ត្រូវទុកដាក់ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវទៅតាមប្រភេទសំរាម។

 លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ក៏បានឆ្លៀតអំពាវនាវឱ្យពលរដ្ឋខ្មែរបង្កើតអកប្បកិរិយាល្អក្នុងការរស់នៅ ហើយលោកបានសង្កត់ធ្ងន់នូវពាក្យឃ្លាជាគតិអប់រំថា «សកម្មភាពរបស់លោកអ្នកថ្ងៃនេះ នឹងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរនៅថ្ងៃអនាគត»