(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្សចំនួន៦៣នាក់បន្ថែមទៀត ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ និងម្នាក់បានស្លាប់ដោយសារជំងឺនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺនាពេលកន្លងទៅ ដោយតម្រូវឲ្យបុគ្គលទាំងនោះធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួនបានស្ម័គ្រចិត្តធ្វើតេស្ដសំណាក។

រដ្ឋបាលខេត្តរតនគិរី បន្ដអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬទំនាក់ទំនងលេខ 097 595 7788 / 092 121 383 / 097 775 1212៕